សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី៖ ការធ្វើសង្គហទាន ជួយសង្គ្រោះ និងបរិច្ចាកទៅវិញទៅមក គឺជារឿងដ៏សំខាន់បំផុតដែលត្រូវធ្វើក្នុងនាមជាជាតិសាសន៍តែមួយ
11-01-2026 10:51
(ត្បូងឃ្មុំ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានបុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ស្តេចយាងប្រោសប្រទានព្រះរាជអំណោយគ្រឿងបរិក្ខាពេទ្យ និងសម្ភារៈប្រើប្រាស់ នៅមន្ទីរពេទ្យបង្អែក តំបែរ មណ្ឌលសុខភាពត្រពាំងព្រីង និងមណ្ឌលសុខភាពបង្ហើរខ្លែង ខេត្តត្បូងឃ្មុំ។
សម្តេចព្រះមហាសង្ឃរាជជាអម្ចាស់ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទាន និងមានព្រះរាជបន្ទូលថា ការធ្វើសង្គហទាន ជួយសង្គ្រោះ និងបរិច្ចាកទៅវិញទៅមកគឺជារឿងដ៏សំខាន់បំផុតដែលត្រូវធ្វើក្នុងនាមជាជាតិសាសន៍តែមួយ រួបរួមសាមគ្គីជួយគ្នាក្នុងគ្រាអាសន្នដោយមិនមានការរើសអើង ឬប្រកាន់និន្នាការឡើយ។ សម្តេចជាអម្ចាស់បានមានព្រះរាជបន្ទូលបន្តទៀតថា ចំពោះព្រះរាជអំណោយទាំងនេះនឹងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ឲ្យទទួលបានការពិនិត្យព្យាបាលកាន់តែល្អប្រសើរ រស់នៅប្រកបដោយសុខភាពល្អ ក្រោមម្លប់សន្តិភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមហាព្រហ្មមុនី ទូច សាទរ ព្រះមេគណរាជធានីភ្នំពេញ ព្រះមន្ត្រីសង្ឃ ព្រះភិក្ខុនីព្រះចៅអធិការវត្តបញ្ញាធំ លោក ងួន ស្ដេចភក្ដី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងព្រីង ឧកញ៉ា អនុប្រធាន សមាជិកក្រុមការងារ លោកវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកតំបែរ។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធីលោក សុខ សារិទ្ធ អភិបាលស្រុកតំបែរបានឡើងថ្លែងនូវសន្ទរកថាស្វាគមន៍ទៅកាន់អង្គពិធី និងថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លារបស់សម្តេចជាអម្ចាស់ ដែលជានិច្ចជាកាលទ្រង់តែងប្រោសព្រះរាជទានអំណោយដល់មូលដ្ឋានស្រុកតំបែរ ដើម្បីសម្រួលក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ។
លោកអភិបាលស្រុកបានបន្តទៀតថា សម្ភារៈដែលទទួលបាននៅថ្ងៃនេះនឹងយកទៅប្រើប្រាស់ដើម្បីជាប្រយោជន៍សង្គ្រោះព្យាបាលឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ស្របតាមចក្ខុវិស័យ និងព្រះរាជបំណងរបស់សម្តេចជាអម្ចាស់ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោក ឌុក វឿន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងព្រីង បានថ្លែងនូវរបាយការណ៍ថ្វាយសម្តេចជាអម្ចាស់ និងអង្គពិធីទាំងមូលដោយព្រះរាជអំណោយទាំងនោះរួមមាន៖ ម៉ាស ១៥កេស, ក្រណាត់ក្រាលអ្នកជំងឺចំនួន ៣០, ម៉ាសុីនកំដៅកូនង៉ែត ២គ្រឿង, រទេះមនុស្សចាស់ ២គ្រឿង, ភ្លើងពិគ្រោះជំងឺប្រភេទLED ៣គ្រឿង, រទេះបញ្ជូនជំងឺ ៣គ្រឿង, ឈើច្រត់ ចំនួន៦, គ្រែកូនង៉ែត ចំនួន៣, ត្រេដាក់សម្ភារៈ ចំនួន៣០, សំឡីរោគស្រ្តី ២០០ដុំតូច និងថវិកាសម្រាប់មន្ទីរពេទ្យបង្អែក តំបែរ ១លានរៀល, មណ្ឌលសុខភាព ត្រពាំងព្រីង ៤០ម៉ឺនរៀល, មណ្ឌលសុខភាព បង្ហើរខ្លែង ៤០ម៉ឺនរៀល និងរដ្ឋបាលស្រុកតំបែរ ១លានរៀល ដែលសរុបជាថវិកាប្រមាណ ៦៦,៨០០,០០០ រៀល។
ក្រោយពីទទួលព្រះរាជអំណោយ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូពេទ្យ ក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋបានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះទឹកព្រះទ័យយកចិត្តទុកដាក់ និងថ្លែងព្រះរាជអំណរគុណយ៉ាងក្រៃលែងចំពោះព្រះរាជអំណោយរបស់សម្តេចព្រះមហាសង្ឃរាជ។
គួររំលឹកផងដែរថា ក្រោមការដឹកនាំរបស់លោក ងួន ស្ដេចភក្ដី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងព្រីង បានសម្រេចនូវសមិទ្ធផលនានាជាច្រើនគួរជាទីមោទនលើវិស័យអប់រំ សុខភិបាល និងបរិស្ថាន ដោយកន្លងមកលោកបានដឹកនាំបង្កើតនូវសាលាភាសាអង់គ្លេសសហគមន៍ក្នុងភូមិត្រពាំងព្រីង និងភូមិបង្ហើរខ្លែង, ការចុះត្រួតមន្ទីរពេទ្យ និងការដាំដើមក្ងោកប្រមាណជាង១០០០ដើមនៅតាមបណ្តោយផ្លូវបេតុងក្នុងឃុំត្រពាំងព្រីង។ បន្ថែមពីនេះ លោកក៏គ្រោងនឹងបង្កើតសាលាសហគមន៍ ការបំពាក់អំពូលភ្លើងសូឡា នៅតាមបណ្តោយផ្លូវ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗបន្ថែមទៀត ដើម្បីអភិវឌ្ឍឃុំត្រពាំងព្រីងឲ្យកាន់តែរីកចម្រើនប្រសើរឡើង៕









