កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាស្តីពីសកម្មភាពកីឡាអាស៊ាន-ជប៉ុន លើសមភាពយេនឌ័រ នៅខេត្តសៀមរាប
13-01-2026 15:14
(សៀមរាប)៖ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាស្តីពីសកម្មភាពកីឡាអាស៊ាន-ជប៉ុន លើសមភាពយេនឌ័រ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ ក្រោមវត្តមានរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងរបស់លោកបណ្ឌិត ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងគណៈប្រតិភូមកពីប្រទេសជប៉ុន និងអាស៊ានចូលរួមផងដែរ។
ថ្លែងក្នុងពិធីបើក លោក វ៉ាត់ ចំរើន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបើកដំណើរការយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ (២០២៣-២០២៨) ត្រូវបានរចនាឡើង ដើម្បីជំរុញកំណើនបង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សានិរន្តរភាព ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ (អាទិភាពសំខាន់ៗមួយចំនួន គឺធនធានមនុស្ស ផ្លូវ ទឹក អគ្គិសនី និងបច្ចេកវិទ្យា)។
លោកបន្តថា ទាក់ទងនឹងបញ្ហានេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតផែនការមេ ស្តីពីការអនុវត្តវិធានការសំខាន់ៗក្នុងវិស័យអប់រំ គឺការកែលម្អការគ្រប់គ្រងសាលារៀន, ការត្រួតពិនិត្យ ការកែសម្រួល និងការអភិវឌ្ឍកម្មវិធីសិក្សា និងសកម្មភាពក្រៅកម្មវិធីសិក្សារបស់សាលា, ការលើកកម្ពស់សុខភាពសាលារៀន និងការចូលរួមរបស់ឪពុកម្តាយ និងសហគមន៍ដើម្បីកែលម្អការអប់រំ។
លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី និងកុមារី ក្លាយជាអាទិភាពគោលនយោបាយដ៏សំខាន់មួយ នៅគ្រប់វិស័យ។ ការប្តេជ្ញាចិត្តនេះ ត្រូវបានបញ្ជាក់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិ និងស្របតាមអនុសញ្ញាអន្តរជាតិ។
ដោយឡែក នៅកម្រិតអន្តរជាតិ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានធ្វើឱ្យសមភាពយេនឌ័រ ក្លាយជាអាទិភាពស្នូលនៃចលនាអូឡាំពិក ដោយសម្រេចបានសមភាពយេនឌ័រពេញលេញក្នុងការចូលរួមរបស់អត្តពលិក នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រី តាមរយៈកំណែទម្រង់អភិបាលកិច្ច និងកម្មវិធីអភិវឌ្ឍន៍គោលដៅ។ កម្ពុជា គាំទ្រយ៉ាងពេញទំហឹង និងស្របតាមការប្តេជ្ញាចិត្តរបស់ IOC ដើម្បីកសាងប្រព័ន្ធកីឡា ដែលមានលក្ខណៈរួមបញ្ចូល និងសមធម៌ជាងមុន។
លោក វ៉ាត់ ចំរើន ក៏បានកោតសរសើរចំពោះស្មារតីសហប្រតិបត្តិការដ៏រឹងមាំ ក្រោមសកម្មភាពអាស៊ាន-ជប៉ុនស្តីពីកីឡា ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអប់រំកាយ និងកីឡាប្រកបដោយបរិយាប័ន្ន។ សិក្ខាសាលាស្តីពីសមភាពយេនឌ័រនេះ មានអត្ថន័យជាពិសេស ព្រោះវាត្រូវបានកែសម្រួលយ៉ាងយកចិត្តទុកដាក់ ដើម្បីឆ្លុះបញ្ចាំងពីលក្ខណៈចម្រុះរបស់ប្រទេសអាស៊ាន។
សូមជម្រាបថា ប្រធានបទនៃសិក្ខាសាលាស្តីពីសមភាពយេនឌ័រ នឹងរួមចំណែកដល់ការអភិវឌ្ឍកីឡាបែបបរិយាប័ន្ន ដែលបានលេចចេញនៅក្នុងផែនការការងារអាស៊ានស្តីពីកីឡាឆ្នាំ២០២៦-២០៣០ រួមមាន៖ ១. កីឡាដើម្បីការអភិវឌ្ឍ និងសន្តិភាព, ២. វិទ្យាសាស្ត្រកីឡា បណ្តុះបណ្តាល អប់រំ និងបច្ចេកវិទ្យា, ៣. សុចរិតភាពកីឡា, ៤. កីឡាបរិយាប័ន្ន, ៥. កីឡាសហគមន៍ និងតម្លៃវប្បធម៌, ៦. ឧស្សាហកម្មកីឡា និងទេសចរណ៍កីឡា, ៧. ការអភិវឌ្ឍកីឡាប្រកបដោយចីរភាព៕




















