សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា និងក្រុមប្រឹក្សាយុវជនម៉ាឡេសុី ដែលមានសមាជិកជាង៣លាននាក់ ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នាឲ្យកាន់តែរឹងមាំបន្ថែម

14-01-2026 09:58

(ម៉ាឡេស៉ី)៖ ក្នុងគោលដៅពង្រឹងចំណងមិត្តភាព និងពង្រីកវិសាលភាពការងារយុវជនឲ្យកាន់តែរឹងមាំ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោក ណាសៀត អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) បានជួបពិភាក្សាការងារជាមួយ លោក Mohd. Izzat Afifi Hj. Abdul Hamid ប្រធានក្រុមប្រឹក្សាយុវជនម៉ាឡេសុី (MBM) នៅស្នាក់ការក្រុមប្រឹក្សាយុវជនម៉ាឡេសុី ក្នុងទីក្រុងកួឡាឡាំពួរ ប្រទេសម៉ាឡេស៉ី។

ជាកិច្ចចាប់ផ្តើមនៃជំនួប លោក Mohd. Izzat Afifi Hj. Abdul Hamid បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយបំផុតចំពោះការមកទស្សនកិច្ច និងពិភាក្សាការងាររបស់លោក ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាសមាជិកក្រុមប្រឹក្សាភិបាល CMYA។

លោកបានបញ្ជាក់ថា ក្រុមប្រឹក្សាយុវជនម៉ាឡេសុី (MBM) រីករាយក្នុងការសហការ ផ្លាស់ប្តូរបទពិសោធន៍រវាងយុវជនកម្ពុជា និងម៉ាឡេស៉ី ហើយនឹងមិនត្រឹមតែប៉ុណោះ នឹងអាចបង្កើតកម្មវិធីផ្សេងៗរួមគ្នា ទាំងកម្មវិធីអប់រំ យុវជន និងមនុស្សធម៌ជាដើម។ ក្នុងឱកាសនោះ លោកក៏បានធ្វើបទបង្ហញពីសកម្មភាព MBM ដែលមានយុវជនជាសមាជិកជាង៣លាននាក់ ក្នុងនោះក៏មានអង្គការ សមាគម ក្រៅរាជរដ្ឋាភិបាលចំនួន៤២ស្ថាប័នផងដែរ។

លោក ណាសៀត អូស្មាន បានបង្ហាញសេចក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារ ជាមួយលោកប្រធានក្រុមប្រឹក្សាយុវជនម៉ាឡេសុីសារជាថ្មីម្តងទៀត ខណៈកន្លងមក CMYA និង MBM ធ្លាប់បានចុះអនុស្សារណយោគយល់ MoU រវាងគ្នា ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការយុវជន លើកកម្ពស់ទំនាក់ទំនង និងការយោគយល់គ្នារវាងស្ថាប័នទាំងពីរ។

លោកក៏បានជម្រាបជូនអំពីចក្ខុវិស័យ និងបេសកកម្ម របស់សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា។ លោកបានឲ្យដឹងថា សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ហើយបាននិងកំពុងដំណើរការយ៉ាងសកម្មលើការងារសង្គម ការងារមនុស្សធម៌ និងការងារបណ្តុះបណ្តាលយុវជន តាមរយៈសមាជិក សមាជិការបស់ខ្លួនមកពីបណ្តាសាខារបស់សមាគម នៅតាមរាជធានី-ខេត្ត ចំនួន២៤ ស្របតាមចក្ខុវិស័យ ទិសដៅ និងផែនការការងាររបស់សមាគមដែលបានកំណត់។

ជាចុងក្រោយ CMYA និង MBM បានបេ្តជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែរឹងមាំបន្ថែមលើការងារអភិវឌ្ឍ និងបណ្តុះបណ្តាលយុុវជន ការងារមនុស្សធម៌ អប់រំ និងការស្រាវជ្រាវ៕