ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តកំពង់ស្ពឺ

15-01-2026 13:29

(កំពង់ស្ពឺ)៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​បន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ។

ពិធីនេះ មានការចូលរួមលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ដោយមានវត្តមានអស់លោក លោកស្រីជាថ្នាក់នាំ មេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រម៉ាណជិត៤០០នាក់ ដែលធ្វើឡើងក្នុងសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានទស្សនាកម្រងរូបភាព ស្តីអំពីសកម្មភាពការងាររបស់កងកម្លាំងទាំង៣ប្រភេទ ក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងកិច្ចការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្តិភាពជូនប្រជាពលរដ្ឋ និងកម្រងរូបភាព ស្តីអំពីការអភិវឌ្ឍន៍របស់ក្រុង-ស្រុកទាំង៩ ថែមទាំងបង្ហាញពីមោទកភាព នៃការរីកចម្រើនលើគ្រប់វិស័យ របស់រដ្ឋបាលខេត្តកំពង់ស្ពឺផងដែរ៕