ករណីឃាតកម្មនៅខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនដៃដល់, ផ្ដើមចេញពីស្រវឹងទាំងជនដៃដល់ និងជនរងគ្រោះហើយជិះម៉ូតូប៉ះគ្នាបង្កជាហិង្សា

15-01-2026 15:07

(ភ្នំពេញ)៖ ករណីប្រទះឃើញសពបុរសម្នាក់នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ត្រូវបានសមត្ថកិច្ចជំនាញពិនិត្យ និងសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារការប៉ះទង្កិចក្បាលធ្ងន់ធ្ងរ (ករណីឃាតកម្ម)។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ក្រោមការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញរងសាលាដំបូរាជធានីភ្នំពេញ, កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងកម្លាំងរបស់អធិការដ្ឋានពោធិ៍សែនជ័យ បានស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅចំណុចរោងចក្រស៊ីនកៃលី ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានឈ្មោះ ជ័យ ពន្លឺ បានសារភាពថា កាលពីយប់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ខ្លួនបានផឹកស្រវឹងជោគជាំជាមួយមិត្តភ័ក្រ នៅម្តុំស្ទឹងមានជ័យ ហើយក៏បានជិះម៉ូតូត្រឡប់មកបន្ទប់ជួលនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លុះមកដល់ចំណុចម្ដុំអគ្គិសនី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ត្រូវម៉ូតូរបស់ជនរងគ្រោះ បុកម៉ូតូរបស់ខ្លួនបណ្តាលឲ្យបែកកាបាំងខាងឆ្វេង ខ្លួនក៏បានទារសំណងជនរងគ្រោះចំនួន៦ម៉ឺនរៀល។

ជនរងគ្រោះបានឆ្លើយថា ព្រមសង តែមិនទាន់មានប្រាក់ចាំទៅយកពីប្រពន្ធនៅផ្ទះ ខ្លួនក៏បានជិះម៉ូតូតាមជនរងគ្រោះពីក្រោយទៅផ្ទះជនរងគ្រោះដើម្បីយកប្រាក់ តែជនរងគ្រោះស្រវឹងខ្លាំងជិះរកផ្ទះមិនឃើញ ក៏ចូលទៅផឹកទឹកត្នោតជូរនៅក្បែរកន្លែងកើតហេតុ។ ខ្លួនក៏បានយកម៉ូតូរបស់ខ្លួនទៅផ្ញើរ ហើយអង្គុយចាំជនរងគ្រោះនៅខាងមុខហាង។ ពេលជនរងគ្រោះចេញពីផឹកវិញ មិនមានប្រាក់ឲ្យម្ចាស់ហាង គេក៏ឃាត់ម៉ូតូជនរងគ្រោះទុកនៅហាង ហើយជនរងគ្រោះក៏ដើរចេញមក ខ្លួនក៏ដើរតាមជនរងគ្រោះ។

ដោយស្រវឹងពេកខ្លួន និងជនរងគ្រោះបានទៅដេកនៅលើស្មៅ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះដល់វេលាម៉ោងប្រហែល០០៖៣០នាទី ឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ជនរងគ្រោះបានភ្ញាក់ឡើងនោម ខ្លួនក៏ភ្ញាក់ឡើងដែរ ពេលនោះជនរងគ្រោះបានវាយមកខ្លួនមួយដៃចំទ្រូង ធ្វើឲ្យខ្លួនខឹងជាខ្លាំង ក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមក ខ្លួនក៏ស្រវ៉ាបានដុំថ្ម១ដុំ នៅក្បែរនោះវាយទៅលើជនរងគ្រោះចំក្បាលខាងក្រោយ បណ្តាលឲ្យជនរងគ្រោះដួល ហើយខ្លួនក៏បានយកដុំ១ធំ ផ្សេងទៀតដែលនៅក្បែរនោះ វាយម្តងទៀតចំក្បាលខាងក្រោយជនរងគ្រោះ បាត់មាត់ស្ងាត់ឈឹង។

ពេលនោះខ្លួនគិតថាជនរងគ្រោះស្លាប់ ខ្លួនក៏អូសជនរងគ្រោះមកដាក់កៀនរបងដីឡូតិ៍កន្លែងកើតហេតុ ហើយក៏បានដើរមកដេកនៅបន្ទប់ជួលរបស់ខ្លួនវិញ ដែលមានចំងាយប្រហែល៣គីឡូម៉ែត្រពីកន្លែងកើតហេតុ។ ស្អែកឡើងថ្ងៃអាទិត្យខ្លួនមិនបានទៅណានោះទេ ដល់ថ្ងៃទី១២, ១៣ និង១៤ ខែមករា ឆ្នាំ២០២៦ ខ្លួនបានទៅធ្វើការងារជាធម្មតានៅរោងចក្រ ចក្រស៊ីនកៃលី ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕