អាជ្ញាធរមីន៖ ប្រជាជនភៀសសឹក​ ៣០ម៉ឺននាក់ ទទួលបានការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ

15-01-2026 16:07

(ព្រំដែន)៖ ក្រោយមានការឈ្លានពានរបស់​ថៃ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ​ជាលើកទី២ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលដៅបន្ទាន់ ក្នុងការធានាសុវត្ថិភាព សុខមាលភាព និងសុខដុមរមនា ជូនប្រជាជនភៀសសឹក ក្នុងនោះរួមមានការយកចិត្តទុកដាក់ខ្ពស់ លើការអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ មុនពេលប្រជាជនភៀសសឹកវិលត្រឡប់ទៅលំនៅឋានវិញ។

ជាមួយគ្នានោះ អាជ្ញាធរមីន ក្នុង​នាម​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​ បានចេញនូវសេចក្តីណែនាំសម្រាប់ភាគីពាក់ព័ន្ធ ស្តីពីវិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយ ការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ។

អនុវត្តតាមសេចក្តីណែនាំនេះ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ប្រជាជនភៀសសឹកប្រមាណ​ ៣០ម៉ឺន​នាក់ ក្នុងចំណោមប្រជាជនភៀសសឹកសរុបចំនួនជាង ៥៤ម៉ឺន​នាក់ បានទទួលការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតាមមណ្ឌលជនភៀសសឹកក្នុងខេត្តចំនួន៧ រួមមាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កោះកុង ព្រះវិហារ និងឧត្តរមានជ័យ។ ជាមួយនឹងយុទ្ធនាការអប់រំផ្សព្វផ្សាយ ការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បាននិងកំពុងប្រមូលយកទៅកម្ទេចចោលយុទ្ធភណ្ឌគ្រប់ប្រភេទ និងបន្តធ្វើការស្រាវជ្រាវនិងបោសសម្អាត ទីតាំងមួយចំនួន ដើម្បីធានាបាននូវសុវត្ថិភាព ជូនប្រជាជនភៀសសឹកមុនពេលពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ។

ឆ្លៀតក្នុងឱកាសនោះផងដែរ តាងនាមឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ជូនក្រសួងស្ថាប័នជំនាញ ប្រតិបត្តិករបោសសម្អាតមីន កាកបាទក្រហមកម្ពុជា កងកម្លាំងប្រដាប់អាវុធ ដៃគូអភិវឌ្ឍ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ យុវជនស្ម័គ្រចិត្ត និងភាគីពាក់ព័ន្ធសកម្មភាពមីនដ៏ទៃទៀត ដែលបានចូលរួមគាំទ្រដល់គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាសុវត្ថិភាព និងបញ្ជៀសគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលអាចបង្កឡើងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះលើប្រជាជនភៀសសឹក។

អាជ្ញាធរមីន ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តសម្របសម្រួលជាមួយ ភាគីពាក់ព័ន្ធ ដោយប្រើប្រាស់ធនធានដែលមានស្រាប់ ដើម្បីធ្វើសកម្មភាពអប់រំផ្សព្វផ្សាយ ការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងតម្រង់គោលដៅបោសសម្អាត នៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារសង្រ្គាម ក្នុងការរួមចំណែកគាំទ្រដល់ការស្តារហេដ្ឋារចនាសម្ព័ន្ធ ដូចជា វត្តអារាម ប្រសាទបុរាណ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព បុស្តិ៍រដ្ឋបាល ផ្សារ ស្ពាន ជាដើម និងរៀបចំលំនៅដ្ឋានឡើងវិញជូនប្រជាជនរងគ្រោះ។

អាជ្ញាធរមីន នឹងបន្តកិច្ចសហការជាមួយប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីស្វែងរកធនធានបន្ថែមសម្រាប់គាំទ្រ ដល់សកម្មភាពបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះថ្មីៗ នៅកម្ពុជា៕