រដ្ឋមន្ត្រី លោក ឆាយ ឫទ្ធិសែន បើកសិក្ខាសាលាតម្រង់ទិសស្តីពី «ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទប្រកបដោយភាពធន់»

15-01-2026 16:12

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី «ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទប្រកបដោយភាពធន់» ជូនដល់ថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនឯកជន និងកងវិស្វកម្ម ដែលជាអ្នកទទួលការ អ្នកត្រួតពិនិត្យបច្ចេកទេស និងមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ។

សិក្ខាសាលានេះ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង, ទីប្រឹក្សាគម្រោង, តំណាងក្រុមហ៊ុនទទួលការសាងសង់, តំណាងកងវិស្វកម្ម, និងមន្ដ្រីបច្ចេកទេស ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី ខេត្ត និងចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) នៅទីស្ដីការក្រសួង។

នាឱកាសនោះដែរ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដោយផ្ទាល់គ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលាតម្រង់ទិសនេះ ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ លើការបង្កើនគុណភាព និងប្រសិទ្ធភាពនៃការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឱ្យកាន់តែខ្ពស់និងប្រកបដោយភាពធន់នៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រី បានសំណូមពរ អង្គសិក្ខាសាលាទាំងមូលយកចិត្តទុកដាក់និងសហការគ្នា ដោយចូលរួមពិភាក្សា ផ្តល់ជាមតិយោបល់ ព្រមទាំងចែករំលែកបទពិសោធន៍ ឱ្យបានសកម្មនិងផុលផុសដើម្បីឱ្យសិក្ខាសាលាដំណើរការទៅដោយរលូន និងទទួលបានជោគជ័យដូចការរំពឹងទុក។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា អង្គសិក្ខាសាលា បានប្រព្រឹត្តទៅដោយមានបទបង្ហាញលើប្រធានបទសំខាន់ៗចំនួន៣ គឺ៖ ទី១៖ នីតិវិធីសិក្សាប្លង់លម្អិតលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងការសិក្សាស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ, ទី២៖ នីតិវិធីកិច្ចលទ្ធកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងទី៣៖ ការស្ថាបនា និងការត្រួតពិនិត្យបច្ចេកទេស លើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទប្រកបដោយប្រសិទ្ធភាព។

តាមរយៈរបាយការណ៍បូកសរុបលទ្ធផលសិក្ខាសាលាដោយ លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញឱ្យសិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់បន្ថែមទៀតអំពីនីតិវិធី និងគោលការណ៍នានានៃការសិក្សាបច្ចេកទេស និងការចុះត្រួតពិនិត្យផ្លូវជនបទ កិច្ចលទ្ធកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។

ក្រោយពីស្តាប់របាយការណ៍របស់លោកអគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសរួចមក លោក ឆាយ ឫទ្ធិសែន បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះគ្រប់សមាសភាពនៃអង្គសិក្ខាសាលាទាំងមូល ដែលបានចូលរួមយ៉ាងសកម្ម ធ្វើឱ្យសិក្ខាសាលាទាំងមូលទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ និងគមនាគមន៍ជនបទនាពេលកន្លងមកប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ នៅតែបន្តយកចិត្តទុកដាក់និងផ្តល់អាទិភាពលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទប្រកបដោយភាពធន់ដើម្បីបង្កើនការតភ្ជាប់ និងធានាបាននូវការប្រើប្រាស់ឱ្យបានយូរអង្វែង ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុនិងជំរុញការធ្វើសមាហរណកម្មវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌រវាងតំបន់ជនបទនិងទីក្រុង ផ្សាភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើកបន្ថែមទៀត ក្នុងគោលដៅចូលរួមសម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យ «កម្ពុជាជាប្រទេសមាន ប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០» ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ជាថ្មីម្ដងទៀត លោករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ជូនដល់អង្គសិក្ខាសាលា សម្រាប់យកទៅអនុវត្តបន្ដ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទប្រកបដោយភាពធន់ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាព៕