ទេសរដ្ឋមន្រ្តី កែវ រ៉េមី បំពាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបន្ថែម នៅពន្ធនាគាររាជធានីភ្នំពេញ និងមណ្ឌលអប់រំកែប្រែទី១

15-01-2026 16:52

(ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញបំពាក់ប្រអប់បណ្តឹង របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបន្ថែម នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) និងមណ្ឌលអប់រំកែប្រែទី១(ម១)។

ថ្លែងនៅក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការដាក់ប្រអប់បណ្តឹងនេះ គឺក្នុងគោលដៅលើកកម្ពស់ការគោរព និងការការពារសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ជនជាប់ឃុំ ក៏ដូចជាការការពារនូវកិត្តិយស មុខមាត់របស់រាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងឆាកអន្តរជាតិ ទប់ស្កាត់ការផ្សព្វផ្សាយនូវរាល់ព័ត៌មានទុច្ចរិត ញុះញង់ និងបំភ្លៃខុសពីការពិតនៃស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារ។

ជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារ ដែលបានចូលរួមសហការក្នុងការការពារ និងលើកស្ទួយសិទ្ធិមនុស្សនៅកន្លែងឃុំឃាំង ជាពិសេសការមិនរើសអើង និងមិនប្រើអំពើហិង្សាលើជនជាប់ឃុំដោយប្រកាន់ខ្ជាប់នូវការគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ទេសរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើ និងសំណូមពរដល់បងប្អូនជនរួមជាតិឱ្យមានសាមគ្គីភាពផ្ទៃក្នុង និងផ្តល់ទំនុកចិត្តដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះជាមួយប្រទេសថៃ ប្រកបដោយយន្តការច្បាស់លាស់ និងសន្តិវិធី។

ទេសរដ្ឋមន្ត្រីក៏បានស្នើសុំឱ្យជនជាប់ឃុំទាំងអស់ ខិតខំកសាងខ្លួន ស្តាប់ និងគោរពតាមបទបញ្ជារបស់ពន្ធនាគារ ដើម្បីធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិវិញ៕