លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជួបសំណេះសំណាល និងទទួលថវិកាជាង១លានដុល្លារ និងទឹកបរិសុទ្ធ ៥០០កេស ពីសមាគមឧកញ៉ាកម្ពុជា ជួយដល់គ្រួសារវីរយុទ្ធជន និងជនភៀសសឹក
15-01-2026 18:18
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីប្រគល់ និងទទួលអំណោយជាថវិកាចំនួន ១,០០៥,០០០ដុល្លាអាមេរិក និងទឹកបរិសុទ្ធ ៥០០កេស ពីថ្នាក់ដឹកនាំ និងសមាជិកសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយលោកអ្នកឧកញ៉ា លី ហួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់គ្រួសារវីរយុទ្ធជន និងប្រជាជនភៀសសឹក។
ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការណ្តាលកាកបាទក្រហមកម្ពុជា ដែលមានវត្ដមានលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាសរុប ចំនួន ១២៩ នាក់នៃសមាគមឧកញ៉ាកម្ពុជា។
ស្ថិតក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគមឧកញ៉ាកម្ពុជា ដែលតែងតែបានចូលរួមបរិច្ចាគថវិកា ជូនកាកបាទក្រហមកម្ពុជា។
សម្រាប់ការចូលរួមចំណែកក្នុងការងារមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជា, សមាគមឧកញ៉ាកម្ពុជា បានជួយដល់គ្រួសារវីរយុទ្ធជន និងប្រជាជនភៀសសឹកនេះ គឺជាលើកទី៣ហើយ។ កន្លងមកសមាគមឧកញ៉ា ក៏ជួយដល់វីរយុទ្ធជន គ្រួសារវីរយុទ្ធជន និងប្រជាជនភៀសសឹកដោយផ្ទាល់ផងដែរ ដោយបានចុះជួប និងជួយដោយផ្ទាល់ រួមទាំងជួយឧបត្ថម្ភថវិកា និងចូលរួមរំលែកទុក្ខជូនក្រុមគ្រួសារវីរយុទ្ធជនពលីជាដើម៕



































