ក្រសួងបរិស្ថាន ជូនដំណឹងពីការប្រែប្រួលគុណភាពខ្យល់នៅកម្ពុជា និងសំណូមពរឱ្យសាធារណជនតាមដានព័ត៌មានអំពីគុណភាពខ្យល់ប្រចាំថ្ងៃ ដើម្បីមានវិធានការការពារ នៅពេលមានការប្រែប្រួលគុណភាពខ្យល់ខ្លាំង

15-01-2026 20:05

(ភ្នំពេញ)៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការប្រែប្រួលគុណភាពខ្យល់គួរឱ្យកត់សម្គាល់ ដោយក្នុងនោះទិន្នន័យគុណភាពខ្យល់លើប៉ារ៉ាម៉ែត្រភាគល្អិតនិចល ដែលមានវិជ្ជមាត្រតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) ក្នុងខ្យល់ប្រចាំថ្ងៃ មានការប្រែប្រួលចន្លោះ៦ ទៅ១១៥ មីក្រូក្រាម/១ម៉ែត្រគូបខ្យល់ (µg/m3)។

ស្ថានភាពគុណភាពខ្យល់ រយៈពេល២៤ម៉ោង គិតចាប់ពីម៉ោង ៧ ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ដល់ម៉ោង ៧ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដែលមានកំហាប់ភាគល្អិតនិចល PM2.5 គិតជាមធ្យមស្មើនឹង 39.04 µg/m3 ធៀបនឹងស្តង់ដារ 50 µg/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

ដោយឡែក ក្នុងរយៈពេល២សប្តាហ៍ ក្នុងខែមករា ឆ្នាំ២០២៦ គិតចាប់ពីថ្ងៃទី០១-១៣ ខែមករា ឆ្នាំ២០២៦ ទិន្នន័យគុណភាពខ្យល់ លើប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM2. នៅតាមបណ្តារាជធានី ខេត្ត ក្នុងព្រះរាជណាចក្រកម្ពុជា គឺស្មើនឹង ២២.៦១ µg/m3 ទាបជាងកម្រិតស្តង់ដារ (៥០ µg/m3) និងគិតជាសន្ទស្សន៍គុណភាពខ្យល់ “ល្អណាស់” ដែលមានន័យថាគុណភាពខ្យល់ស្ថិតក្នុងកម្រិតល្អ មិនមានការបំពុល និងមិនបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈឡើយ។ ដោយឡែក យើងកត់សម្គាល់ឃើញថា គុណភាពខ្យល់នៅតាមទីតាំងមួយចំនួនដូចជា សាលាស្រុកវាលវែង ខេត្តពោធិ៍សាត់ និងសាលាសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្រិត PM2.5 មានកំហាប់កើនឡើងលើសកម្រិតស្តង់ដារ។

សូមបញ្ជាក់ថាការប្រែប្រួលនៃគុណភាពខ្យល់នៅកម្ពុជា មិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយ។ ប៉ុន្តែនៅតំបន់ខ្លះគុណភាពខ្យល់ធ្លាក់ដល់ពណ៌លឿង គឺ ប្រជាពលរដ្ឋអាចមានសកម្មភាពធម្មតានៅខាងក្រៅ ប៉ុន្តែចំពោះអ្នកមានសុខភាពទន់ខ្សោយ ចាំបាច់ថែទាំសុខភាព ប្រសិនមានការក្អក ការដកដង្ហើមពិបាក រលាកភ្នែកជាដើម សូមកាត់បន្ថយសកម្មភាពនៅខាងក្រៅ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានសូមធ្វើការណែនាំឱ្យសាធារណជន ចូលរួមតាមដានការប្រែប្រួលគុណភាពខ្យល់ ដែលមានផ្សាយតាម Appចក្រា ឈ្មោះ CGS SPA ហើយនឹងតាមដាននៅលើវេបសាយ airquality.moe.gov.kh ទំព័រហ្វេសប៊ុក Ministry of Environment ជាដើម ក៏ដូចជាសេចក្តីជូនដំណឹងរបស់សារព័ត៌មានមួយចំនួនទៀត ដែលមានរៀបរាប់ពីវិធានការការពារសុខភាព នៅពេលមានការប្រែប្រួលនៃគុណភាពខ្យល់។

សាធារណជនអាចតាមដាន និងទទួលបានសារថែទាំសុខភាពជាមគ្នានេះផងដែរ លើសពីនេះ ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំសារថែទាំសុខភាពស្តីពីវិធានការការពារនៅពេលមានការប្រែប្រួលគុណភាពខ្យល់ខ្លាំង ដូចជាក្នុងចំណុចពណ៌លឿង ដែលតម្រូវឱ្យប្រជាពលរដ្ឋពាក់ម៉ាស់ ឬឱ្យស្ថិតនៅក្នុងផ្ទះនោះទេ។ ប៉ុន្តែសាធារណជនអាចតា។ បច្ចុប្បន្នក្រសួងបរិស្ថានបានបំពាក់ឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យ គុណភាពខ្យល់នៅទូទាំងប្រទេស ចំនួន៦០ទីតាំង ក្នុងនោះមានឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់តាមផ្កាយរណប ចំនួន១ទីតាំង និងមានរថយន្តចល័តសម្រាប់ត្រួតពិនិត្យគុណភាពខ្យល់ចំនួន៣គ្រឿងបន្ថែមទៀត។ ឧបករណ៍នៅតាមទីតាំងទាំនោះ ផ្តល់ព័ត៌មានផ្ទាល់ (Real Time) ពីការប្រែប្រួលគុណភាពខ្យល់៕