ទីប្រឹក្សាសម្ដេចតេជោ លោក គង់ ម៉ាស់ អញ្ជើញបញ្ចុះបឋមសិលា កសាងកុដិនៅវត្តព្រហ៊ារចាស់ នៅស្រុកមេសាង ខេត្តព្រៃវែង

15-01-2026 20:31

(ព្រៃវែង)៖ លោក គង់ ម៉ាស់ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀង និងលោក ស្រី ស៊ីណុច អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានក្រុងបាវិត នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញបញ្ចុះបឋមសិលា កសាងកុដិព្រះចៅអធិការវត្តព្រហ៊ារចាស់ ស្ថិតក្នុងភូមិព្រហារ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង និងបានប្រគេនស៊ីម៉ង់ត៍ ១០តោន សម្រាប់កសាងកុដ។

លោក គង់ ម៉ាស់ បានថ្លែងថា ប្រជាពលរដ្ឋ ខ្មែរ ស្ទើរ ៩០ ភាគរយ ជា អ្នក គោរព ប្រណិប័តន៍ ព្រះពុទ្ធសាសនា ហើយ វត្ត អារាម បាន ដើរតួនាទី យ៉ាងសំខាន់ ក្នុងការ អភិវឌ្ឍ សង្គម ខ្មែរ ក្នុងនោះ ក្រៅពី ជា កន្លែង ប្រារព្ធ ពិធី បែប សាសនា វត្ត អារាម ត្រូវបាន ចាត់ទុក ជាទី ថែរក្សា នូវ អត្តសញ្ញាណ និង វប្បធម៌ ខ្មែរ ។ ជាមួយគ្នានេះវត្ត អារាមក៏ជាទី ពំនាក់ អាស្រ័យ កុមារកំព្រា ចាស់ជរា សិស្សានុសិស្ស និង កូនចៅ របស់ ប្រជាពលរដ្ឋក្រីក្រផងដែរ។

លោក គង់ ម៉ាស់ បានណែនាំដល់ក្រុមម៉ៅការសំណង់ សូមគោរពតាមបទដ្ឋានបច្ចេកទេសនៃការសាងសង់ឱ្យបានត្រឹមត្រូវនិងស្របតាមស្តង់ដានៃសំណង់ ដើម្បីធ្វើឱ្យសំណង់មានភាពរឹងមាំបានល្អ សម្រាប់ប្រើប្រាស់បានយូរអង្វែងតរៀងទៅ ។

ទន្ទឹមនឹងនោះ លោកក៏បានអំពាវនាវដល់សប្បុរសជនទីជិតឆ្ងាយ និងប្រជាពុទ្ធបរិស័ទទាំងអស់ សូមចូលរួមសាមគ្គីគ្នា ឱ្យបានផុសផុល ជាបច្ច័យតិចក្តី ច្រើនក្តី ដើម្បីធ្វើឱ្យការសាងសង់កុដិមួយខ្នងនេះបានឆាប់រួចរាល់ជាស្ថាពរ ខណៈពេលនេះតម្រូវការនៃការប្រើប្រាស់របស់ព្រះសង្ឃ ដែលត្រូវការស្នាក់នៅសិក្សារៀនសូត្រ គឺជាភាពចាំបាច់បំផុតចំពោះមុខ ៕