សម្ដេចព្រះឧត្ដមមុនី ជា សំអាង ដឹកនាំព្រះមន្ដ្រីសង្ឃ និមន្តសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ ដល់វីរកងព័ទជួរមុខ នៅខេត្ដឧត្ដរមានជ័យ និងសួរសុខទុក្ខព្រះសង្ឃភៀសសឹក-ប្រជាជនភៀសសឹក នៅខេត្ដបន្ទាយមានជ័យ
15-01-2026 22:20
(ឧត្ដរមានជ័យ-បន្ទាយមានជ័យ)៖ សម្ដេចព្រះឧត្ដមមុនី ជា សំអាង សមាជិកថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណខេត្តកណ្ដាល ដឹកនាំព្រះមន្ដ្រីសង្ឃក្នុងខេត្ដកណ្ដាល និមន្ដចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងបរិភោគ-ឧបភោគដល់វីរកងព័ទ្ធជួរមុខនៅខេត្ដឧត្ដរមានជ័យ និងបានបន្ដចុះសួរសុខទុក្ខដល់ព្រះសង្ឃភៀសសឹក និងប្រជាជនភៀសសឹក នៅខេត្ដបន្ទាយមានជ័យ ចំនួន ៤៥០គ្រួសារ និងព្រះសង្ឃ ចំនួន ១១៦អង្គ ក្រោមការរៀបចំរបស់សាលាអនុគណស្រុកកៀនស្វាយ ស្រុកខ្សាច់កណ្ដាល ស្រុកពញាឮ និងស្រុកស្អាង ខេត្ដកណ្ដាល នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។
តាមរយៈសង្ឃដីកា របស់ព្រះពោធិវង្សា ពៅ រតនា រាជាគណៈកិត្ដិយស និងជាព្រះសមុហ៍គណខេត្តកណ្តាល ព្រះវិន័យធម៌អនុគណស្រុកកៀនស្វាយ និងជាព្រះចៅអធិការវត្តកៀនស្វាយក្រៅ ដែលបាននិមន្ដចូលរួមនាឱកាសនោះ បានឱ្យដឹងថា ការចុះសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ ដល់វីរកងព័ទជួរមុខ នៅខេត្ដឧត្ដរមានជ័យ និងសួរសុខទុក្ខព្រះសង្ឃភៀសសឹក-ប្រជាជនភៀសសឹក នៅខេត្ដបន្ទាយមានជ័យ នាពេលនេះ គឺបានធ្វើឡើងតាមការគ្រោងទុក។ ដោយបន្ទាប់ពីការជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជាស្បៀង សម្ភារចំាបាច់ និងបច្ច័យមួយចំនួន ជូនដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ចំនួន ៥១៩គ្រួសារ ដែលជាលើកទី៤ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះនៅវត្ដស្លាកែន ខេត្ដកណ្ដាល ក្រោមការដឹកនាំ និងចង្អុលបង្ហាញអំពី សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំផ្ទាល់របស់សម្ដេចព្រះឧត្ដមមុនី ជា សំអាង សមាជិកថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណខេត្តកណ្ដាល។
ព្រះពោធិវង្សា ពៅ រតនា បានមានសង្ឃដីកាបន្ដថា ការនិមន្ដមកដោយផ្ទាល់នាពេលនេះ គឺដើម្បីលើកទឹកចិត្ដ និងថ្លែងអំណរគុណ ជាមួយនឹងការកោតសរសើរពីទឹកចិត្ដ និងការលះបង់ ពលីរបស់វីរកងទ័ព ចំពោះជាតិមាតុភូមិរបស់យើង ដែលនេះជាគុណបំណាច់មួយដែលកូនចៅប្រុសស្រីគ្រប់រូបចង់ចាំ និងចារជាប្រវត្ដិសាស្ដ្រជារៀងរហូតទៅ។ ហើយការជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជាស្បៀង សម្ភារចំាបាច់ និងបច្ច័យមួយចំនួន ជូនដល់វីរកងទ័ពយើង ក៏ដូចជាព្រះសង្ឃ និងប្រជាជនភៀសសឹក ក្នុងគ្រាដ៏បាកមួយនេះ ហើយក៏ជាពេលវេលាដែលត្រូវសាមគ្គីគ្នា និងជួយគ្នា «ខ្មែររួមគ្នា ខ្មែរខ្លាំង» ពិសេស យោងតាមទ្រីស្ដី «ព្រះពុទ្ធសាសនា គឺផ្សារភ្ជាប់នឹងសង្គម» ឬមួយទៀតហៅថា វប្បធម៌នៃការចែករំលែក»។
ព្រះពោធិវង្សា ពៅ រតនា បានមានសង្ឃដីកាបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងសម្ដេចតេជោ ហ៊ុនសែន ជាប្រធានព្រឹទ្ធសភា និងជាប្រធានស្ថានិកសន្ដិភាព គឺប្រជាជនមានភាពកក់ក្ដៅ មិនតក់ស្លុត ទោះក្នុងស្ថានភាពដ៏លំបាកនេះក៏ដោយ ក៏ប្រជាជនមានភាពជឿជាក់លើរាជរដ្ឋាភិបាល។
ក្នុងឱកាសនេះព្រះពោធិវង្សា ពៅ រតនា ក៏បានថ្លែងអំណរគុណដល់ប្រជាពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លា ដែលបានចូលរួមជួយឧបត្ថម្ភជាស្បៀង សម្ភារ និងថវិកា ក្នុងនោះក៏មានព្រះសង្ឃទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំ ជួយទៅដល់វីរកងទ័ព ក្រុមគ្រួសារកងទ័ព និងប្រជាជនភៀសសឹកយើងកន្លងមក ក៏ដូចជាចូលរួមឧបត្ថម្ភជាបន្ដបន្ទាប់៕

























