មន្ត្រីកម្ពុជា ៦០រូបនឹងទៅចូលរួមវគ្គសិក្សាអភិបាលកិច្ចសាធារណៈ និងវគ្គសិក្សានៅបណ្ឌិតសភាយុត្តិធម៌ជាតិ នៅប្រទេសឥណ្ឌា
16-01-2026 09:45
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មន្ត្រីកម្ពុជាចំនួន ៤០រូប មកពីក្រសួងផ្សេងៗនៃប្រទេសកម្ពុជា នឹងចូលរួមក្នុងកម្មវិធីកសាងសមត្ថភាព សម្រាប់មន្ត្រីរាជការនៅ មជ្ឈមណ្ឌលជាតិសម្រាប់អភិបាលកិច្ចល្អ ទីក្រុងមូសូរី ប្រទេសឥណ្ឌា ក្រោមកម្មវិធីសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) របស់រដ្ឋាភិបាលឥណ្ឌា។ ក្នុងពេលជាមួយគ្នានេះមន្ត្រីចំនួន ២០រូប មកពីក្រសួងយុត្តិធម៌ ក៏នឹងចូលរួមកម្មវិធីបណ្តុះបណ្តាលពិសេសសម្រាប់ចៅក្រម និងមន្ត្រីក្រសួងចាប់ពីថ្ងៃទី១៩ ខែមករា ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅបណ្ឌិតសភាយុត្តិធម៌ជាតិ ទីក្រុងបូប៉ាល់ ប្រទេសឥណ្ឌា។
កម្មវិធីកសាងសមត្ថភាព ស្តីពីគោលនយោបាយសាធារណៈ និងអភិបាលកិច្ចសម្រាប់មន្ត្រីចំនួន ៤០រូប មានគោលបំណងផ្តល់ចំណេះដឹង និងជំនាញចាំបាច់ដល់មន្ត្រីចូលរួម និងរបៀបអនុវត្តគោលនយោបាយសាធារណៈប្រកបដោយប្រសិទ្ធភាព ដើម្បីសម្រេចបាននូវអភិបាលកិច្ចល្អ និងអាចឱ្យមន្ត្រីបំពេញភារកិច្ចរដ្ឋបាលរបស់ពួកគេដោយជោគជ័យ។ ចំណែកកម្មវិធីបណ្តុះបណ្តាល ពិសេសសម្រាប់ចៅក្រមត្រូវបានរចនាឡើងដើម្បីបង្កើនសមត្ថភាព ស្ថាប័នចៅក្រមនិង មន្ត្រីក្រសួងយុត្តិធម៌មកពីប្រទេសកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើង នូវគុណភាព នៃការផ្តល់សេវាដល់សាធារណជន។
មុនការចាកចេញបំពេញទស្សនកិច្ចសិក្សានេះលោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តំណាងដ៏លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក Vanlalvawna Bawitlung នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានរៀបចំពិធីជប់លៀងសម្រាប់មន្ត្រីកម្ពុជាចំនួន ៦០ រូបនេះ ដោយមានការចូលរួមពីសមាជិកអតីតនិស្សិត ដើម្បីចែករំលែកបទពិសោធន៍របស់ពួកគេផងដែរ។
ថ្លែងនាឱកាសនោះលោក Vanlalvawna Bawitlung បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ឥណ្ឌា ក្នុងការបន្តគាំទ្រគំនិតផ្តួចផ្តើមកសាងសមត្ថភាពនៅកម្ពុជា ដោយគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែង សហការទាំងនេះគឺមានសារៈសំខាន់ ក្នុងការបំពេញគោលបំណងនៃការនាំប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធគ្នា។ ភាពជាដៃគូរវាងឥណ្ឌា និងកម្ពុជានេះ គូសបញ្ជាក់ពីចក្ខុវិស័យរួមសម្រាប់វឌ្ឍនភាព និងការអភិវឌ្ឍ ដែលមានគោលបំណងបង្កើនជំនាញ និងចំណេះដឹងរបស់មន្ត្រីដែលជាកត្តាសំខាន់ក្នុងអភិបាលកិច្ច និងយុត្តិធម៌។ វគ្គសិក្សាទាំងនេះមានគោលបំណងពង្រឹងសមត្ថភាពរបស់មន្ត្រី ហើយក៏នឹងសម្រួលដល់ការផ្លាស់ប្តូរបទពិសោធន៍រវាងមន្ត្រីនៃប្រទេសទាំងពីរផងដែរ។
កម្មវិធីសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា ឬហៅកាត់ថា ITEC គឺជាវេទិកាកសាងសមត្ថភាពឈានមុខគេរបស់ក្រសួងការបរទេស រដ្ឋាភិបាលឥណ្ឌា។ ITEC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤ គឺជាការរៀបចំស្ថាប័នចំណាស់ជាងគេបំផុត មួយសម្រាប់ការកសាងសមត្ថភាពអន្តរជាតិ ដោយបានបណ្តុះបណ្តាលមន្ត្រីជាង ២២៥.០០០ នាក់មកពីប្រទេសជាង ១៦០ ទាំងក្នុងវិស័យស៊ីវិល និងការពារជាតិ តាមរយៈកម្មវិធី ដែលធ្វើឡើងដោយស្ថាប័នចូលរួមជាង ១២០ នៅក្នុងប្រទេសឥណ្ឌា។ ជារៀងរាល់ឆ្នាំ មន្ត្រីប្រហែល ៣០០ នាក់មកពីប្រទេសកម្ពុជាចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលផ្សេងៗក្រោម ITEC៕








