ម៉ាឡេស៊ី ស្វាគមន៍លើការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត លើការងារអភិវឌ្ឍន៍យុវជន និងកីឡា

16-01-2026 11:53

(ម៉ាឡេស៊ី)៖ ប្រទេសម៉ាឡេស៊ីស្វាគមន៍ លើការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា លើការងារអភិវឌ្ឍយុវជន និងកីឡា ដោយផ្អែកលើកិច្ចសហការកន្លងមក ទាំងក្នុងកម្រិតទ្វេភាគី និងក្របខណ្ឌអាស៊ាន ខណៈទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី ត្រូវបានពង្រឹងជាច្រើនឆ្នាំមកហើយ តាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រួមទាំងក្នុងវិស័យយុវជន និងកីឡាផងដែរ។

នេះជាការលើកឡើងរបស់លោកបណ្ឌិត Mohammed Taufiq Johari រដ្ឋមន្រ្តីក្រសួងយុវជន និងកីឡា នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងគណៈប្រតិភូកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

លោករដ្ឋមន្រ្តីក្រសួងយុវជន និងកីឡាម៉ាឡេស៊ី បានបន្តថា លោកទន្ទឹងរង់ចាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យយុវជន និងកីឡាសម្រាប់ប្រទេសទាំងពីរ ដើម្បីទទួលបានផលប្រយោជន៍រួម។

លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានសាទរចំពោះខាងលើកឡើងរបស់រដ្ឋមន្ត្រីខាងលើ និងមានបញ្ជាក់ថា នៅកម្ពុជាមានយុវជនប្រមាណ៤០ភាគរយ នៃចំនួនប្រជាជនសរុបចំនួន១៧លាននាក់ ហើយយុវជនមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

លោកបានលើកឡើងបន្តថា នៅកម្ពុជា មានអង្គការយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។ ដោយឡែក សហគមន៍ឥស្លាម មានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដែលជាសមាជិកនីតិបុគ្គលរបស់ ស.ស.យ.ក ដឹកនាំដោយលោក ណាសៀត អូស្មាន។

លោកទេសរដ្ឋមន្ត្រី បានឲ្យដឹងថា ប្រជាជនកម្ពុជា ជាពិសេសយុវជនក្នុងសហគមន៍ឥស្លាម មានការចាប់អារម្មណ៍ខ្លាំងលើវិស័យកីឡា ជាពិសេសកីឡាបាល់ទាត់ ដែលជាចំណុចស្នូលមួយ សម្រាប់កិច្ចសហការជាមួយម៉ាឡេស៊ីនាពេលខាងមុខ។ ជាចុងបញ្ចប់ ភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធ ដើម្បីបង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ និងសកម្មភាពរួមគ្នា ដែលនឹងជួយលើកកម្ពស់សក្តានុពលយុវជន និងវិស័យកីឡានៃប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត៕