ការវៃបំបែកសោ គឺជាទង្វើបំពានច្បាប់៖ ទង្វើបំពានរបស់យោធាថៃក្នុងទឹកដីកម្ពុជា បានបង្ហាញការធ្លាក់ចុះធ្ងន់ធ្ងរនៃសីលធម៌របស់កងទ័ពថៃ (Video inside)
16-01-2026 13:16
(ភ្នំពេញ)៖ ភាពវិជ្ជាជីវៈរបស់កងទ័ពមួយ អាចត្រូវបានវាយតម្លៃតាមរយៈទង្វើរបស់ពួកគេមកលើប្រជាពលរដ្ឋ តែពុំមែនតាមរយៈការបដិសេធច្រានចោលទង្វើដែលខ្លួនបានប្រព្រឹត្តឡើយ។
ពីខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ព្រះវិហារ និងឧត្តរមានជ័យ មានការរាយការណ៍ថា ទាហានថៃបានកាត់សោ បំពានចូលផ្ទះប្រជាពលរដ្ឋកម្ពុជា និងប្លន់យកទ្រព្យសម្បត្តិរបស់ប្រជាជនស៊ីវិល។ ទង្វើទាំងនេះ ជាការរំលោភបំពានលើអធិបតេយ្យភាព ច្បាប់អន្តរជាតិ និងរំលោភបំពានគោលការណ៍មនុស្សធម៌ជាមូលដ្ឋាន។
ទីកន្លែងទាំងនេះ មិនមែនជាតំបន់សង្គ្រាមទេ ប៉ុន្តែជាទីលំនៅឋានឯកជន ដែលត្រូវបានការពារក្រោមអនុសញ្ញាទីក្រុងហ្សឺណែវ។ ករណីបំពានដែលបានកើតឡើងដដែលៗជាបន្តបន្ទាប់នៅតាមទីតាំងស៊ីវិលក្នុងខេត្តតាមបណ្តាយព្រំដែនទាំងនេះ បានបង្ហាញឱ្យឃើញនូវភាពបរាជ័យជាប្រព័ន្ធ ហើយវាមិនមែនជាការប្រព្រឹត្តកំហុសឆ្គងចៃដន្តដាច់ដោយឡែកឡើយ។
ទង្វើបែបនេះ មិនមែនជាការការពារសន្តិសុខទេ ប៉ុន្តែ វាជាការគំរាមកំហែងយ៉ាងច្បាស់ក្រឡែត។ នៅពេលក្រុមយោធានៃរដ្ឋបរទេសមកកម្ទេកចទ្វារ ចូលផ្ទះប្រជាពលរដ្ឋ ហើយរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាជនស៊ីវិល វាគឺជាការឈ្លានពានដែលត្រូវបានកំណត់ដោយសកម្មភាព មិនមែនដោយពាក្យសម្ដីឡើយ។ ប្រជាពលរដ្ឋកម្ពុជា ត្រូវទទួលបានការការពារ មិនមែនត្រូវបានទទួលរងការលុកលុយ ឬយាយីបែបនេះឡើយ៕







