កម្ពុជាបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តពេញលេញ អនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងជាមួយថៃ ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង GBC (Video inside)
16-01-2026 13:43
(ភ្នំពេញ)៖ កម្ពុជាបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តពេញលេញ ឥតងាករេក្នុងការអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងដែលមានកន្លងមកជាមួយប្រទេសថៃ ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង GBC កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមកាតព្វកិច្ចរបស់ខ្លួន និងបានសហការគាំទ្រយ៉ាងសកម្មជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានានូវតម្លាភាព ការផ្ទៀងផ្ទាត់ និងការវាយតម្លៃលើផលប៉ះពាល់ដែលមាន។
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុម AOT ក្នុងការចុះពិនិត្យទីតាំងស៊ីវិលជាច្រើននៅតាមខេត្តជាប់ព្រំដែន ដែលបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារប្រដាប់អាវុធរបស់យោធាថៃ។
កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាតក្នុងការផ្តល់អាទិភាពដល់សន្តិភាព ស្ថិរភាព និងការស្តារស្ថានការណ៍ឡើងវិញឱ្យបានឆាប់រហ័ស ដើម្បីឱ្យប្រជាជនអាចវិលត្រឡប់មកជីវភាពរស់នៅធម្មតាវិញ នៅក្នុងសហគមន៍ដែលទទួលងផលប៉ះពាល់នៅតាមបណ្តោយព្រំដែន៕

















