ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជួបពិភាក្សាការងារជាមួយលោកស្រី Fadhlina Sidek រដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៉ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ
16-01-2026 14:18
(ម៉ាឡេស៉ី)៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានដឹកនាំគណៈប្រតិភូកម្ពុជា មានលោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូអម ជួបពិភាក្សាការងារ លោកស្រី Fadhlina Sidek រដ្ឋមន្ត្រីក្រសួងអបរំម៉ាឡេស៉ី នៅទីស្តីការក្រសួង ក្នុងទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៉ី ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារនៅម៉ាឡេស៉ី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ លោកបណ្ឌិតបានលើកឡើងអំពី វិស័យអប់រំនៅកម្ពុជាសព្វថ្ងៃនេះ មានការរីកចម្រើនគួរឱ្យគត់សម្គាល់ ជាពិសេសការអប់រំក្នុងសហគមន៍ឥស្លាម ក្នុងនោះមានសាលារីកដុះដាលជាបន្តបន្ទាប់ មានសិស្សចូលរៀនច្រើន ស្របជាមួយគ្នាដែរ សហគមន៍ឥស្លាមកម្ពុជាក៏មានសិស្ស និស្សិតទៅបន្តការសិក្សានៅតាមបណ្តាប្រទេសនានា មានកំណើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីទទួលបានចំណេះដឹង រួមចំណែកអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិយើង។
លើសពីនេះទៅទៀត លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា និស្សិតឥស្លាមកម្ពុជា មានឱកាសទទួលបានការអប់រំ ដូចជានិស្សិតទូទៅ ហើយត្រូវបានរាជរដ្ឋាភិបាល សម្រួលឲ្យសិស្ស និស្សិតនារីអាចស្លៀកសម្លៀកបំពាក់តាមបែបប្រពៃណី និងមានឱកាសបានសិក្សាកម្រិតខ្ពស់ជាងសម័យមុនៗ។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី បានរំលឹកពីវឌ្ឍនភាពនៃសហគមន៍ឥស្លាមកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងផ្តល់ជូនជាច្រើនចំពោះសហគមន៍ឥស្លាមកម្ពុជា ក្នុងនោះទាក់ទងនឹងវិស័យអប់រំ រដ្ឋបានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមចំនួន១,៥០០នាក់ ទៅក្នុងក្របខណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា និងគ្រូជាប់កិច្ចសន្យាចំនួន ១៧៨នាក់ ដែលទទួលបានប្រាក់បៀរវត្ស ដូចគ្រូបង្រៀនទូទៅ និងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀត។
ជាការឆ្លើយតប លោកស្រីរដ្ឋមន្ត្រីបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច របស់លោកទេសរដ្ឋមន្ត្រីទៅកាន់ម៉ាឡេស៉ី ជាពិសេសបានអញ្ជើញជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ និងបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់លើប្រជាពលរដ្ឋទូទៅ ជាពិសេសសហគមន៍ឥស្លាមកម្ពុជា។
លោកស្រីរដ្ឋមន្ត្រី បានចែករំលែកពីទិសដៅរបស់ក្រសួងអប់រំម៉ាឡេស៉ី ក្នុងការពង្រឹងគុណភាពអប់រំ ដោយពង្រឹងការអនុវត្តកម្មវិធី PISA និង SEA PLM និងការធ្វើកំណែទម្រង់កម្មវិធីសិក្សាស្តង់ដាថ្មី ដែលមានលក្ខណៈបញ្ចូលគ្នា រវាងចំណេះទូទៅ STEM គុណតម្លៃឥស្លាម និងអប់រំពលរដ្ឋសកល ព្រមទាំងអប់រំបរិយាបន្ន ដែលនឹងត្រូវសម្ពោធឲ្យដំណើរការជាផ្លូវដោយលោក Dato Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៉ី នៅឆ្នាំ២០២៦។ ចំពោះការអនុវត្តកម្មវិធីស្តង់ដាមានលក្ខណៈបញ្ចូលគ្នាថ្មីសម្រាប់កម្រិតបឋមសិក្សា ដល់កម្រិតវិទ្យាល័យ ក្រសួងនឹងសម្ពោធដំណើរការជាផ្លូវការនៅឆ្នាំ២០២៧ខាងមុខ។
បន្ទាប់ពីបានបញ្ចប់ការពិភាក្សា ភាគីទាំងពីរ បានជំរុញបន្តពង្រឹងកិច្ចការប្រតិបត្តិការរវាងគ្នាលើវិស័យអប់រំឲ្យកាន់តែជិតស្និត ដោយផ្តោតលើ បង្កើតកម្មវិធីផ្លាស់ប្តូរបទពិសោធន៍រវាងគ្រូបង្រៀនកម្ពុជា និងម៉ាឡេស៊ី និងការអនុវត្តការងាររួមគ្នា តាមរយៈការជួបផ្ទាល់ និងប្រព័ន្ធអនឡាញ ដើម្បីដកស្រង់បទពិសោធន៍បង្រៀន និងបច្ចេកទេសអប់រំឱ្យកាន់តែប្រសើរឡើង៕



















