ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ធ្វើបទបង្ហាញពី «គោលការណ៍គ្រឹះ នៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្រ្តីរាជការ» ដល់មន្រ្តីរាជការ សាស្រ្តាចារ្យ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

16-01-2026 14:25

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោក ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញធ្វើបទបង្ហាញសំខាន់លើប្រធានបទ «គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិ នៃឥរិយាបថរបស់មន្រ្តីរាជការ» ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្រ្តីរាជការ» និង «សុក្រឹត្យការគរុកោសល្យ និងវិធីសាស្រ្តបង្រៀន» ដែលរៀបចំឡើងដោយពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

ជាមួយគ្នានេះ លោកបានបកស្រាយយ៉ាងជ្រាលជ្រៅអំពីទស្សន និងគោលការណ៍មូលដ្ឋាននៃការបម្រើរដ្ឋ និងប្រជាពលរដ្ឋ។ លោកបានលើកឡើងអំពី ភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការគោរពច្បាប់ វិន័យការងារ មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងរដ្ឋបាលសាធារណៈឲ្យមានប្រសិទ្ធភាព និងមានភាពជឿជាក់ពីសង្គម រួមទាំងបានពន្យល់អំពី ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការ ដែលមានដូចជា ការតែងតាំង ការវាយតម្លៃសមត្ថភាព ការលើកតម្កើងឋានៈ វិន័យ និងសីលធម៌មុខងារសាធារណៈ ព្រមទាំងការរៀបចំបរិយាកាសកន្លែងបំពេញការងារ ឲ្យមានវិជ្ជាជីវៈ សហការល្អ និងគាំទ្រដល់ប្រសិទ្ធភាពការងារ។

សម្រាប់ប្រធានបទ «សុក្រឹត្យការគរុកោសល្យ និងវិធីសាស្រ្តបង្រៀន» នេះវគ្គបណ្តុះបណ្តាលបានផ្តោតលើការពង្រឹងជំនាញបង្រៀនបែបទំនើប ការរៀបចំផែនការមេរៀន ការប្រើប្រាស់វិធីសាស្រ្តបង្រៀនសកម្ម ការវាយតម្លៃសិស្ស និងការបង្កើតបរិយាកាសសិក្សាដែលលើកទឹកចិត្តដល់ការគិតវិភាគ និងការចូលរួមរបស់អ្នកសិក្សា ដែលជាដំណាក់កាលសំខាន់ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះធនធានមនុស្សប្រកបដោយសមត្ថភាព និងសីលធម៌។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើការបង្កើនចំណេះដឹង និងការយល់ដឹងអំពី តួនាទី ភារកិច្ច សិទ្ធិ និងកាតព្វកិច្ច របស់មន្រ្តីរាជការ ព្រមទាំងការបណ្តុះស្មារតីទំនួលខុសត្រូវ វិន័យ ឆន្ទៈម្ចាស់ការ និងឥរិយាបថវិជ្ជាជីវៈ ក្នុងការបម្រើសាធារណៈជាអាទិភាព ជាពិសេស ការដាក់គោលដៅបង្កើនគុណភាពបង្រៀន និងការអភិវឌ្ឍសមត្ថភាពគរុកោសល្យរបស់គ្រូបង្រៀន ឲ្យអាចបំពេញភារកិច្ចអប់រំ បានប្រកបដោយប្រសិទ្ធភាព សុចរិតភាព និងគុណភាពខ្ពស់។

វគ្គបណ្តុះបណ្តាលនេះ ជាវេទិកាសំខាន់មួយសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការពង្រឹងសមត្ថភាពមន្រ្តីរាជការ និងគ្រូបង្រៀន នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍស្ថាប័នអប់រំប្រកបដោយគុណភាព សុចរិតភាព និងនិរន្តរភាព៕