រដ្ឋាភិបាលកូរ៉េ ជួយធ្វើឱ្យប្រាសាទចម និងជញ្ជាំងដំរី ត្រូវបានជួសជួលកែលំអឱ្យល្អប្រសើរឡើងវិញ
16-01-2026 14:30
(សៀមរាប)៖ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដោយសហការជាមួយអាជ្ញាធរបេតិកភណ្ឌកូរ៉េ (Korea Heritage Agency – KHA) ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាចែករំលែកលទ្ធផលចុងក្រោយនៃគម្រោង «ការអភិរក្ស និងជួសជុលប្រាសាទចម និងជញ្ជាំងដំរី» នៅខេត្តសៀមរាប ប្រទេសកម្ពុជា។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកសមិទ្ធផលសំខាន់ៗនៃគម្រោង ដែលបានអនុវត្តក្នុងអំឡុងឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៦ និងពិចារណាលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ក្នុងកិច្ចការពារ និងថែរក្សាតំបន់បេតិកភណ្ឌពិភពលោកក្នង់តំបន់អង្គរព្រមទាំងទិសដៅអនាគតសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ប្រកបដោយចីរភាព។
លោកស្រី ជយ មូនជុង (Ms. Choi Moon Jung) នាយិកាការិយាល័យ KOICA ប្រចាំកម្ពុជា បន្ទាប់មកជាសុន្ទរកថា ស្វាគមន៍ពីលោក គីម ដុងហា (Mr. Kim Dong-ha) នាយកប្រតិបត្តិផ្នែកផែនការគ្រប់គ្រង នៃអាជ្ញាធរបេតិកភណ្ឌកូរ៉េ (KHA)។
លោក គីម ចាងយ៉ុង (H.E. Kim Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងការការពារ និងការគ្រប់គ្រងប្រកបដោយចីរភាព នៃតំបន់បេតិកភណ្ឌពិភពលោកអង្គរ។
លោកឯកអគ្គរដ្ឋទូត គីម បានលើកឡើងថា គម្រោងនេះបានបង្ហាញពីតម្លៃនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ ហើយលោកបានបង្ហាញក្តីសង្ឃឹមថា សន្និសីទនេះនឹងក្លាយជាមូលដ្ឋានសម្រាប់ការសហការបន្តទៅមុខទៀត។
លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ និងបានលើកឡើងពីសារៈសំខាន់នៃការអភិរក្សប្រាសាទព្រះពិធូរ និងលានដំរី ដោយបញ្ជាក់ថា គម្រោងនេះបានពង្រឹងសមត្ថភាពអ្នកជំនាញកម្ពុជា តាមរយៈការរួមបញ្ចូលជំនាញពីកូរ៉េ និងជំនាញមូលដ្ឋាន។ លោក ហង់ ពៅ ក៏បានបង្ហាញក្តីសង្ឃឹមចំពោះការបន្តកិច្ចសហប្រតិបត្តិការដោយផ្អែកលើទំនុកចិត្តទៅវិញទៅមកផងដែរ។
សិក្ខាសាលានេះបានប្រមូលផ្តុំអ្នកតំណាងជាន់ខ្ពស់ពីប្រទេសទាំងពីររួមមានមន្ត្រីមកពីស្ថានទូតសាធារណរដ្ឋកូរ៉េ KOICA អាជ្ញាធរបេតិកភណ្ឌកូរ៉េ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា ព្រមទាំងអ្នកជំនាញជាតិ និងអន្តរជាតិផ្នែកអភិរក្សបេតិកភណ្ឌវប្បធម៌។
តាមរយៈគម្រោងនេះ ការងារអភិរក្ស និងជួសជុលប្រាសាទចម និងផ្នែកមួយចំនួននៃទីលានជល់ដំរី ត្រូវបានបញ្ចប់ដោយជោគជ័យ ដោយបានពង្រឹងស្ថិរភាពរចនាសម្ព័ន្ធ ខណៈដែលនៅតែរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងស្ថាបត្យកម្មដ៏សំខាន់របស់បេតិកភណ្ឌទាំងនេះ។ លើសពីនេះ គម្រោងក៏បានផ្តល់ឧបករណ៍អភិរក្ស និងវិភាគទំនើបៗ សម្រាប់ការប្រើប្រាស់រួមរវាងអាជ្ញាធរជាតិអប្សរា និងក្រុមអភិរក្សអន្តរជាតិ ដោយបានរួមចំណែកពង្រឹងសមត្ថភាពបច្ចេកទេសសម្រាប់ការអភិរក្សបេតិកភណ្ឌនៅកម្ពុជា។ គម្រោងនេះក៏បានផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្សផងដែរ។
អ្នកជំនាញផ្នែកបេតិកភណ្ឌជាង ១៥០នាក់ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីកសាងសមត្ថភាព រួមមានការបណ្តុះបណ្តាល ការណែនាំ និងវគ្គបណ្តុះបណ្តាលតាមការអញ្ជើញ ខណៈដែលដំណើរទស្សនកិច្ចតាមទីតាំងនិងការបង្ហាញបច្ចេកទេស បានចូលរួមដោយអ្នកចូលរួមសរុបចំនួន ៥៦០នាក់។ កិច្ចខិតខំទាំងនេះបានគាំទ្រដល់ការផ្ទេរចំណេះដឹងបច្ចេកទេស និងរួមចំណែកដល់ភាពចីរភាពនៃការអភិរក្សបេតិកភណ្ឌលើសពីការងារអភិរក្សផ្ទាល់។
សិក្ខាសាលានេះបានបញ្ជាក់ឡើងវិញថា គម្រោងនេះ ដែលបានអនុវត្តតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងស្ថាប័នដៃគូរបស់កម្ពុជា គឺជាគំរូមួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ ក្នុងវិស័យអភិរក្សបេតិកភណ្ឌវប្បធម៌។
KOICA នឹងបន្តធ្វើការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីពង្រឹងសមត្ថភាពអភិរក្សបេតិកភណ្ឌវប្បធម៌ និងគាំទ្រដល់ការការពារបេតិកភណ្ឌពិភពលោកក្នុងរយៈពេលវែង តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាព៕












