មន្ទីរព័ត៌មានខេត្តបាត់ដំបង បន្តចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនៅតំបន់ជាយដែន ក្នុងមូលដ្ឋានស្រុកសំពៅលូន

16-01-2026 14:41

(បាត់ដំបង)៖ លោក សុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង បានដឹកនាំមន្រ្តីរាជការ បន្តចុះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមពាក្យស្លោក «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» នៅតំបន់ជាយដែន ក្នុងមូលដ្ឋានស្រុកសំពៅលូន។ យុទ្ធនាការនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ មានការចូលរួមពីលោក យន់ ហន អភិបាលរងស្រុកសំពៅលូន មន្រ្តីរាជការសាលាស្រុក កងកម្លាំងអាជ្ញាធរឃុំ យុវជនស.ស.យ.ក យុវជនកាយឫទ្ធិ និងសិស្សានុសិស្ស។

ក្នុងយុទ្ធនាការនៅព្រឹកនេះ លោក សុវណ្ណ វិទិត្យា និងលោក យន់ ហន អភិបាលរងស្រុកសំពៅលូន បានដឹកនាំមន្រ្តីរាជការ កងកម្លាំង អាជ្ញាធរមូលដ្ឋាន យុវជន និងសិស្សានុសិស្សដង្ហែក្បួននៅបរិវេណផ្សារសំពៅលូន និងចុះផ្សព្វផ្សាយអប់រំដល់អាជីវករពីរបៀបពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។

ប្រធានមន្ទីរព័ត៌មានខេត្ត លើកឡើងថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងសាធារណៈ ដល់ប្រជាពលរដ្ឋទូទៅនៅតាមមូលដ្ឋានអំពីគ្រោះថ្នាក់ និងផលវិបាក នៃព័ត៌មានក្លែងក្លាយ ខណៈព័ត៌មានក្លែងក្លាយធ្វើឲ្យបង្កចលាចលក្នុងសង្គម, បង្កើតក្តីព្រួយបារម្ភដល់មហាជន, ប៉ះពាល់ផ្លូវចិត្តផ្ទាល់, ការសម្រេចចិត្តខុស, បាត់ទំនុកចិត្ត, គំរាមកំហែងសន្តិសុខជាតិ និងបង្អាក់ការអភិវឌ្ឍប្រទេសជាដើម។

លោក សុវណ្ណ វិទិត្យា បានចែករំលែកអំពីវិធីសាស្រ្តមួយចំនួន ដើម្បីកំណត់ជាព័ត៌មានក្លែងក្លាយ រួមមាន៖ ការពិនិត្យប្រភព, ស្រាវជ្រាវរឿងនោះនៅគេហទំព័រផ្សេងៗ, ត្រិះរិះពិចារណាពេលអាន, ពិនិត្យភស្ដុតាង, សង្កេតរូបភាពក្លែងក្លាយ ជាពិសេសការប្រើសុភវិនិច្ឆ័យរបស់ខ្លួនកំណត់ព័ត៌មាន។

ជាមួយគ្នានោះ លោក យន់ ហន លើកឡើងថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ស្រុកសំពៅលូន ដែលជាស្រុកមួយនៅជាប់ព្រំដែន និងធ្លាប់រងគ្រោះដោយសារការបាញ់ផ្លោងរបស់យោធាថៃ។

លោកបានបន្ថែមថា ក្នុងមូលដ្ឋានស្រុកសំពៅលូន ធ្លាប់មានព័ត៌មានក្លែងក្លាយបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ដូច្នេះយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដែលរៀបចំឡើងដោយមន្ទីរព័ត៌មានខេត្តបាត់ដំបង ពិតជាបានផ្ដល់ចំណេះ ដឹងជាច្រើនលើការផ្ទៀងផ្ទាត់ប្រភពព័ត៌មានដល់អាជ្ញាធរ កងកម្លាំង យុវជន សិស្សានុសិស្ស និងអាជីវករដើម្បីយកទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោក យន់ ហន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលជាអ្នកនិយមលេងបណ្ដាញសង្គម សូមពិនិត្យប្រភពព័ត៌មានឲ្យបានច្បាស់លាស់មុនចែកចាយ ដើម្បីរួមគ្នាទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយ៕