ពេញមួយឆ្នាំ២០២៥ ច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ រកចំណូលជាង១លានដុល្លារ កើនឡើងជាង៧ភាគរយ

16-01-2026 14:42

(តាកែវ)៖ ក្នុងរយៈពេលពេញមួយឆ្នាំ២០២៥នេះ អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ រកបានចំណូលប្រមាណ ៥ពាន់ ២រយលានរៀល ឬប្រមាណ ១លាន ៣សែនដុល្លារ ដែលមានការកើនឡើងជាង៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤កន្លងមកនេះ។

លោក ឃុត ប៊ុនធឿន ប្រធានអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ រកចំណូលបានសរុបចំនួន៥,២១៥,៨០៣,៧៥០រៀល ឬប្រមាណ១លាន៣សែនដុល្លារ កើនឡើងចំនួន៧,១៤ភាគរយ។

ចំណូលទាំងអស់នេះ បានមកពីសេវាលើវិស័យចំនួន១៤ ដែលបានធ្វើការបម្រើសេវាជូនប្រជាពលរដ្ឋបានចំនួន៣០,២៣២សេវា កើនឡើងប្រមាណ៦,៣៩ ហើយចំណូលដែលទទួលបានច្រើនជាងគេ គឺទទួលបានពីវិស័យសូរិយោដី វិស័យកសិកម្ម និងវិស័យសាធារណការ។

លោក ឃុត ប៊ុនធឿន បានថ្លែងបន្តថា ពាក់ព័ន្ធទៅនិងកំណើនសេវាមានការកើនឡើង ជាពិសេសប្រាក់ចំណូលក៏កើនឡើងខ្ពស់ដែលនោះ គឺបណ្ដាលមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសថ្នាក់ដឹកនាំខេត្តតាកែវ លោក វ៉ី សំណាង បានប្រឹងប្រែងគៀងគរ និងអូសទាញឲ្យក្រុមហ៊ុនវិនិយោគជាច្រើន បានចូលមកបណ្ដាក់ទុន នៅក្នុងខេត្តតាកែវ ដែលក្នុងឆ្នាំនេះមានក្រុមហ៊ុនថ្មីចំនួន៩៥ បានមកចូលបណ្ដាក់ទុនបើករោងចក្រថ្មីៗ ក្នុងខេត្តតាកែវ។

នៅក្នុងកាសនោះ លោក ឃុត ប៊ុនធឿន ប្រធានអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តតាកែវ បានអំពាវនាវប្រជាពលរដ្ឋដែលត្រូវការសេវាផ្សេងៗ សូមអញ្ជើញមកទទួលសេវា នៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ឬនៅតាមអង្គភាពច្រកចេញចូលតែមួយ នៅតាមបណ្ដាក្រុងស្រុកដោយផ្ទាល់ ហើយត្រូវចៀសវាងពឹងអ្នករត់ការជំនួស ដែលនាំឲ្យមានការយកតម្លៃសេវាលើសពីតម្លៃរដ្ឋ ដែលបានកំណត់៕