វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៥ ត្រូវបានបញ្ចប់ ក្រោយខកខានដោយសារបញ្ហាព្រំដែន

16-01-2026 14:44

(បន្ទាយមានជ័យ)៖ បន្ទាប់ពីមានបញ្ហាតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានការផ្ទុះអាវុធជាលើកទី២ ដោយយោធាថៃ បានឈ្លានពានបូរណភាពទឹកដីកម្ពុជា កាលពីចុងឆ្នាំ២០២៥កន្លងទៅ ធ្វើឱ្យការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៥ ត្រូវបានផ្អាក។

ក្រោយគេពេលមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ នៅដើមខែមករា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្ត បានរៀបចំដំណើរការវេទិកាពិគ្រោះយោបល់ឡើងវិញ ទៅតាមបណ្ដាស្រុក-ក្រុង ត្រូវបានបញ្ចប់ទាំង៩ក្រុង-ស្រុក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៦។

ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិ ទី៤ ឆ្នាំ២០២៥ ដោយនាំដោយផ្ទាល់ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត បណ្ដា មន្ទីរ អង្គភាពពាក់ព័ន្ធ ចូលរួមស្តាប់ និងដោះស្រាយរាល់បញ្ហាប្រឈមនៅមូលដ្ឋានដែលបានលើកឡើង។

វេទិកាពិគ្រោះយោបល់រៀបចំឡើង ដើម្បីធ្វើការពិភាក្សាពិគ្រោះយោបល់នូវបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋាន យកមកពិភាក្សា រួមគ្នាដោះស្រាយចំពោះមុខ។

ក្នុងនោះ ក៏បានលើកពីសមិទ្ធផលនានារបស់ខេត្ត ដែលសម្រេចបាននាពេលកន្លងមក បើទោះបីជាកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ជួបនូវបញ្ហាព្រំដែនយ៉ាងណាក៏ដោយ ក៏ការអភិវឌ្ឍនៅតែបន្ត សម្រេចបាននូវសមិទ្ធផលយ៉ាងត្រចេះត្រចង់។

មួយវិញទៀតរាល់បញ្ហាប្រឈម ដែលបានលើកឡើងមិនអាចដោះស្រាយបាន និងត្រូវលើកយកមកដោះស្រាយបន្តនៅថ្នាក់ខេត្ត ជាមួយក្រុមការងារចុះជួយមូលដ្ឋានខេត្តជាបន្ត សំដៅធ្វើយ៉ាងរួមគ្នាដោះបញ្ហានៅមូលដ្ឋាន ឱ្យបានចប់សបគ្រប់ និងបានលើកឡើងពីគម្រោងអភិវឌ្ឍន៍នៅមូលដ្ឋាន សម្រាបឆ្នាំបន្តបន្ទាន់ផងដែរ៕