កម្លាំងជំនាញ CMAC បោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃ ដែលបាញ់ចូល និងបំផ្លាញផ្ទះប្រជាពលរដ្ឋ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

16-01-2026 15:26

(ព្រះវិហារ)៖ ផ្ទះមួយខ្នងរបស់ប្រជាពលរដ្ឋនៅស្រុកជាំក្សាន្ត មានសុវត្ថិភាពឡើងវិញ បន្ទាប់ពីកម្លាំងជំនាញរបស់ CMAC ចុះបោសសម្អាតគ្រាប់បែកចង្កោម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦កន្លងទៅនេះ។

លោក ហេង រតនា អគ្គនាយក CMAC បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១៥​ ខែមករា​ ឆ្នាំ២០២៦នេះ​ កម្លាំងជំនាញអង្គភាព CMAC បានប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោមប្រភេទ M85នៃគ្រាប់កាំភ្លើងធំ ១៥៥មម ​ដែលបាញ់ដោយភាគីសៀម ក្នុងសង្គ្រាមឈ្លានពាន ២១ថ្ងៃ​ ហើយគ្រាប់បែកចង្កោមនេះ ស្ថិតនៅក្នុងផ្ទះប្រជាពលរដ្ឋតែម្តង​ និងបានបំផ្លាញផ្ទះប្រជាពលរដ្ឋស្ទើរទាំងស្រុង​។

លោកថា លំនៅដ្ឋាននេះស្ថិតនៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ។

អង្គភាព CMAC បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាជនភៀសសឹក ដែលវិលត្រឡប់ទៅកាន់លំនៅឋានវិញ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រាប់សំណល់សង្គ្រាមរបស់កងទ័ពថៃ ពិសេសគ្រាប់បែកចង្កោម។

សូមបញ្ជាក់ថា​ ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោម បានចូលជាធរមាន​នៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ ចូលរួម​ក្នុងអនុសញ្ញាអន្តរជាតិមួយនេះ៕