ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តវិធានការរដ្ឋបាល ការគ្រប់គ្រងដីកា ការអនុវត្តដីកា និងការបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀន នៅក្នុងប្រព័ន្ធ ឆ្នាំ២០២៥ និងផ្សព្វផ្សាយទិសដៅអនុវត្តបន្ត

16-01-2026 15:48

(ភំ្នពេញ)៖ ដោយទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តវិធានការរដ្ឋបាល ការគ្រប់គ្រងដីកា ការអនុវត្តដីកា និងការបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀន នៅក្នុងប្រព័ន្ធ (Database system) ក្នុងឆ្នាំ២០២៥ និងផ្សព្វផ្សាយទិសដៅអនុវត្តបន្ត នៅសាលប្រជុំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ វរសេនីយ៍នាយករងមន្ទីរ នាយការិយាល័យទាំង១១ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងរាជធានី-ខេត្តទាំង២៥ និងមន្រ្តីជំនាញសរុប១២៣រូប។

លោកឧត្តមសេនីយ៍ទោ អ៉ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ការអ​នុវត្តវិធានការរដ្ឋបាលនៅតាមគោលដៅសប្បាយដ្ឋាន ដែលងាយរងហានិភ័យដោយបទល្មើសគ្រឿងញៀនសរុបចំនួន ១៤.៩៤៦ទីតាំង ក្នុងនោះរួមាន៖ ចុះផ្ទាល់ចំនួន ១៤.១៩៤ទីតាំង (សណ្ឋាគារ ១៤ទីតាំង ផ្ទះសំណាក់ ២.៧៧៨ទីតាំង ផ្ទះជួល ១១.២១៨ទីតាំង បាបរទេស ៣១ទីតាំង ខារ៉ាអូខេ ១០៤ទីតាំង និងក្លឹបកំសាន្ត ៤៩ទីតាំង)។

កោះអញ្ជើញម្ចាស់ទីតាំង អ្នកគ្រប់គ្រងអាជីវកម្ម និងអ្នកពាក់ព័ន្ធ មកធ្វើការផ្សព្វផ្សាយអប់រំ និងចូលរួមសហការផ្តល់ព័ត៌មាន សរុបចំនួន ៣៤.៧០៧នាក់ លើ ៧៤០ទីតាំង។

ក្រៅពីនេះ ​ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានឆ្មក់ត្រួតពិនិត្យធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ ដែលមានតម្រុយប្រើប្រាស់សារធាតុញៀន សរុបចំនួន ១.១៦៣លើក មនុស្ស ១៣.៧៩៦នាក់ ដោយបានរកឃើញអ្នកវិជ្ជមាន​សារធាតុញៀនចំនួន ១.៥១០នាក់ អនុវត្តតាមនីតិវិធី។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានណែនាំឱ្យកងកម្លាំងអនុវត្តច្បាប់ទាំងអស់ ត្រូវពង្រឹងការគោរពវិន័យកងកម្លាំង ក្រមសីលធម៌ និងវិជ្ជាជីវៈ បង្កើនការបង្ការ ការទប់ស្កាត់ ការបង្ក្រាបបទល្មើសគ្រឿងញៀន នូវករណីធ្ងន់ធ្ងរ (ធំៗ) ដែលមានអង្គការចាត់តាំង។ បន្តធ្វើបច្ចុប្បន្នភាពដីកាចាប់ខ្លួន ដោយស្រាវជ្រាវរករូបថតមុខសញ្ញា ការស្នើសុំនិវេទន៍ក្រហម ការស្នើសុំទៅអគ្គអន្តោប្រវេសន៍សហការចាប់ខ្លួន និងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធ (Database System), ជំរុញការបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀន ទៅក្នុងប្រព័ន្ធ (Database System) ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ១០០% ។

ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ តាងនាមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ និងសមិទ្ធផលជាច្រើនដែលមន្ទីរប្រឆាំងគ្រឿងញៀន សម្រេចបានគួរជាទីមោទនៈ ហើយបានឆ្លើយតបទៅនឹងសភាពការណ៍ ដែលបានកើតឡើងនាពេលកន្លងមក។

ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ បានបញ្ជាក់ថា ទាក់ទងនឹងការអនុវត្ត និងគ្រប់គ្រងដីកា ដីកាគឺជាឧបករណ៍ច្បាប់សំខាន់បំផុតមួយ ក្នុងការបន្តសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀន។ ដីកាដែលមិនបានធ្វើបច្ចុប្បន្នភាព មិនមានរូបថត ឬមិនបានបញ្ចូលទៅក្នុងប្រព័ន្ធ Database System នោះ មានន័យថា យើងកំពុងផ្តល់ «ចន្លោះ» ឲ្យមុខសញ្ញាគេចខ្លួន និងបន្តធ្វើសកម្មភាពបទល្មើស។ ដូច្នេះ ការគ្រប់គ្រងដីកា មិនមែនជាការងាររដ្ឋបាលធម្មតាទេ ប៉ុន្តែក៏ជាការងារបង្ក្រាបមួយផ្នែកផងដែរ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនេះ ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានផ្តល់អនុសាសន៍ណែនាំបន្ថែម ដែលជាទិសដៅដើម្បីអនុវត្តបន្ត ផ្តោតលើការបង្រ្កាបបណ្តាញ កាត់ផ្តាច់ខ្សែសង្វាក់ផលិត ចែកចាយ និងចាប់យកមេក្លោង ជាងការបង្ក្រាបតាមកម្រិតមុខសញ្ញាតូចៗ និងត្រូវធ្វើបច្ចុប្បន្នភាពដីកា បញ្ចូលទិន្នន័យឲ្យបានពេញលេញ និងទាន់ពេលវេលា៕