ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ ទទួលជួបនាយកប្រតិបត្តិក្រុមហ៊ុន MEDNAATH ពិភាក្សាលើបច្ចេកវិទ្យាបកប្រែភាសាដោយប្រើ AI
16-01-2026 16:12
(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក NITISH KUMAR ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន MEDNAATH នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦។
ក្រុមហ៊ុន MEDNAATH ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងការបកប្រែភាសាដោយផ្ទាល់ពេលដែលដៃគូសន្ទនាកំពុងនិយាយគ្នាតាមទូរស័ព្ទ ។ កម្មវិធីនេះអាចជួយសម្រួលដល់រនាំងភាសាសម្រាប់ជនបរទេសដែលនិយាយភាសាពីរផ្សេងគ្នា ដែលវាមានសមត្ថភាពបកប្រែបានរហូតដល់ ១៥០ ភាសា ក្នុងនោះក៏មានភាសាខ្មែរផងដែរ។
លោកឯកអគ្គរាជទូត បានកោតសរសើរចំពោះក្រុមហ៊ុនដែលបង្កើតបាននូវបច្ចេកវិទ្យាដ៏ល្អមួយ ដែលជួយសម្រួលដល់ជនបរទេស ពិសេសជនជាតិខ្មែរដែលរស់នៅក្នុងប្រទេសកូរ៉េ ដែលពួកគាត់ជួបប្រទះការលំបាកក្នុងការប្រើប្រាស់ភាសាសម្រាប់ការប្រាស្រ័យទាក់ទងជាមួយជនជាតិកូរ៉េ។ លោកបានលើកទឹកចិត្តដល់ក្រុមហ៊ុន ឱ្យបញ្ជៀបសេវារបស់ខ្លួនទៅដល់ម្ចាស់រោងចក្រនានា ដើម្បីជួយសម្រួលដល់ការលំបាកដល់បងប្អូនខ្មែរដែលជួបប្រទះបញ្ហាក្នុងការប្រើប្រាស់ភាសា៕








