អភិបាលខេត្តកំពង់ចាម ណែនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ឲ្យពង្រឹងការគ្រប់គ្រងអាជីវកម្មដឹកអាចម៍ដី និងការចុះបង្រា្កបល្បែងស៊ីសងគ្រប់ប្រភេទ
16-01-2026 16:48
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំមន្ត្រីមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងអាជីវកម្មដឹកអាចម៍ដី ដើម្បីប្រាកដថា មិនធ្វើឲ្យប៉ះពាល់ដីសាធារណៈរបស់រដ្ឋ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម និងត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែងអនឡាញ។
លោកអភិបាលខេត្ត បានណែនាំដូច្នេះ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ក្នុងពេលដឹកនាំប្រជុំក្រុមការងារ ដើម្បីចុះតាមដានអំពីការប្រកបសេវាកម្មអាចម៌ដី រណ្តៅដីចល័តដីក្រហម ខ្សាច់ ឬគ្រួស ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ការប្រមូលចំណូល និងការរៀបចំសោភ័ណភាព តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម ។
លោកអភិបាលខេត្តបានថ្លែងថា យោងតាមសេចក្ដីណែនាំ លេខ០០១ សណន ដោយមើលឃើញថា ការជីកយកអាចម៍ដីដើម្បីចាក់បំពេញលើទីតាំងនៃការអភិវឌ្ឍដូចជា រោងចក្រ សហគ្រាស លំនៅដ្ឋាន ជាដើម គឺមានការកើនឡើង ហើយក្រុមហ៊ុនប្រកបអាជីវកម្មអាចម៍ដីក៏មានកាន់តែកើនឡើងផងដែរ។ ក្នុងស្ថានភាព នេះមានក្រុមហ៊ុនមួយចំនួនធំបានគោរពច្បាប់ និងក្រុមហ៊ុនមួយចំនួនតូចមិនបានគោរពច្បាប់ត្រឹមត្រូវ។
ដូច្នេះដើម្បីធានាបាននូវនិរន្តរភាព នៃការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការណែនាំដូចខាងក្រោម៖
*ទី១៖ រដ្ឋបាលក្រុង-ស្រុក ត្រូវពិនិត្យទីតាំងដី នៃការស្នើសុំធ្វើអាជីវកម្មជីកយកអាចម៍ដី ដោយធានាថា មិនប៉ះពាល់ដីសាធារណៈរបស់រដ្ឋ។
*ទី២៖ ត្រូវបានហាមឃាត់ ការជីកកាយ ផ្លាស់ប្តូរស្ថានភាពដី និងជីកយកអាចម៍ដី ចំពោះប្រភេទដី អាស្រ័យផលគ្រប់ប្រភេទ។
*ទី៣៖ ការស្នើសុំចាក់បំពេញអាចម៍ដី អាជ្ញាធរមានសមត្ថកិច្ចត្រូវពិនិត្យរាល់សំណុំឯកសារកាន់កាប់ដី (វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ) ដើម្បីឲ្យប្រាកដថា ទីតាំងដីជាកម្មវត្ថុនៃការស្នើសុំ គឺតែមួយ។
*ទី៤៖ ករណីការធ្វើអាជីវកម្មនៅទីតាំងដីសាធារណៈរបស់រដ្ឋ ត្រូវពិនិត្យ សម្រេចពីអង្គភាពជំនាញ ពាក់ព័ន្ធ និងស្នើសុំគោលការណ៍ឯកភាពពីអភិបាលខេត្តជាមុន។
*ទី៥៖ ក្នុងករណីពិនិត្យឃើញថា មានការបំពានចំណុចខាងលើ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាព ជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានជំរុញសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅមូលដ្ឋាន ពិសេសបទល្មើសស្កែម អនឡាញ និងការជួញដូរចែកចាយប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ហើយបើមានមន្ត្រីណាពាក់ព័ន្ធ ឬនៅពីក្រោយខ្នង និងត្រូវបណ្តេញចេញពីក្របខណ្ឌ រួមនឹងការដាក់ទោសទណ្ឌទៅតាមផ្លូវច្បាប់ផងដែរ៕












