មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ ៩រូប ឱ្យនាំយកចំណេះដឹង និងបច្ចេកវិទ្យាពីកូរ៉េមកអភិវឌ្ឍជាតិមាតុភូមិ
16-01-2026 16:53
(ភ្នំពេញ)៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ KOICA ចំនួន ៩រូប ដែលត្រូវទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសកូរ៉េលើជំនាញសំខាន់ៗ រួមមានផ្នែករដ្ឋាភិបាលអេឡិចត្រូនិក គោលនយោបាយអភិវឌ្ឍន៍ សុខាភិបាល និងបរិស្ថាន។
ក្នុងជំនួបនោះ លោកស្រី សុវណ្ណ វណ្ណារតន៍ បានរំលឹកដល់និស្សិតទាំងអស់ថា ភារកិច្ចចម្បងគឺត្រូវខិតខំក្រេបជញ្ជក់ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗពីប្រទេសជឿនលឿន ដើម្បីនាំយកមកអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យដើរទាន់ពិភពលោក។ ក្រៅពីការសិក្សា និស្សិតត្រូវដើរតួជាទូតម្នាក់ក្នុងការផ្សព្វផ្សាយពីវប្បធម៌ និងសក្ដានុពលរបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ ព្រមទាំងកសាងបណ្តាញទំនាក់ទំនងជាមួយនិស្សិតអន្តរជាតិសម្រាប់ជាប្រយោជន៍ដល់ជាតិមាតុភូមិ។
ទន្ទឹមនឹងនេះ លោកស្រីក៏បានចែករំលែកពីបេសកកម្មរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបាននិងកំពុងខិតខំចូលរួមសម្រេចឱ្យបាននូវគោលដៅ ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ជាពិសេសការផ្តល់នូវការការពារសិទ្ធិ អត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត របបសន្តិសុខសង្គម ការផ្តល់នូវការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការផ្តល់នូវឱកាសការងារដល់ប្រជាពលរដ្ឋ រួមទាំងអតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងជនភៀសសឹកដែលរងគ្រោះដោយសារការឈ្លានពានពីសំណាក់យោធាថៃ តាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ និងប្រព័ន្ធទូរសព្ទ Hotline ១២៩៧ ដើម្បីផ្តល់សេវាជួយរកការងារឱ្យធ្វើ និងជួយចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវ:។
ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី បានសង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់ការសិក្សា និស្សិតទាំងអស់នឹងក្លាយជាមូលធនមនុស្សដ៏មានថាមពល ដែលត្រឡប់មកជួយអភិវឌ្ឍសង្គមជាតិ និងចែករំលែកបទពិសោធទាំងនោះដល់យុវជនជំនាន់ក្រោយវិញប្រកបដោយជោគជ័យ៕














