អគ្គនាយកដ្ឋានពន្ធដារ ជូនដំណឹងពីការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ២០២៥
16-01-2026 19:19
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បានចេញសេចក្តី ជូនដំណឹងពីការដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ២០២៥។
ក្នុងសេចក្តីជូនដំណឹងបានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ សូមជម្រាបជូនដំណឹងដល់លោក-លោកស្រី ជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិកររបស់សហគ្រាស ជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសទាំងអស់ ជ្រាបអំពីកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៥ ដូចខាងក្រោម៖
១. សហគ្រាសត្រូវដាក់លិខិតប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ តាមប្រព័ន្ធអនឡាញ (Tax on Income-ToI e-Filing) តាមរយៈតំណភ្ជាប់ www.tax.gov.kh/km/e-service ស្របតាមសេចក្ដីណែនាំលេខ៣១៤០ អពដ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធយ៉ាងយឺតបំផុត ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
២. សហគ្រាសដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឆ្នាំជាប់ពន្ធខុសពីឆ្នាំប្រតិទិន ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងយឺតបំផុត ក្នុងរយៈពេល ៣ខែ ក្រោយពីដំណាច់ឆ្នាំជាប់ពន្ធ។
៣. សហគ្រាសដែលមានសាខា ត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំជាមួយគ្នា ដោយសរុបលទ្ធផលរបស់គ្រឹះស្ថានជាគោលដើម និងគ្រប់សាខាទាំងអស់។ សហគ្រាស ត្រូវប្រកាសនូវបញ្ជីឈ្មោះនៃគណនីចំណូលនិងចំណាយ និងតារាងទ្រព្យសកម្មរយៈពេលវែងរបស់សាខានីមួយៗ ដោយវាយបញ្ចូលទៅក្នុងប្រព័ន្ធត្រង់ផ្នែក «សាខាសហគ្រាសក្នុងស្រុក»”។
៤. ចំពោះបុគ្គលិក ឬភ្នាក់ងារសេវាកម្មពន្ធដារ ដែលទទួលបន្ទុកការងារដាក់លិខិតប្រកាសពន្ធប្រចាំខែ ប្រចាំឆ្នាំ ជំនួសមុខឱ្យអ្នកជាប់ពន្ធ ត្រូវភ្ជាប់ (Upload)ចូលទៅក្នុងប្រព័ន្ធនូវប័ណ្ណសម្គាល់ខ្លួនបុគ្គលិក ចំពោះបុគ្គលិកសហគ្រាស ឬលិខិតប្រគល់សិទ្ធិជាលាយលក្ខណ៍អក្សរពីអ្នកជាប់ពន្ធចំពោះភ្នាក់ងារសេវាកម្មពន្ធដារ។
៥. គ្រប់សហគ្រាសទាំងអស់ ដែលមានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ
ត្រូវភ្ជាប់(Upload) ចូលទៅក្នុងប្រព័ន្ធនូវតារាងតុល្យការ គណនីលទ្ធផល និងព័ត៌មានបន្ថែម (ប្រសិនបើមាន)។
ក្នុងករណីលោក-លោកសី មានសំណួរឬចម្ងល់ផ្សេងៗ សូមទាក់ទងជាមួយការិយាល័យសេវា អ្នកជាប់ពន្ធនៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងសាខាពន្ធដារខេត្ត-ខណ្ឌដែលទាក់ទិន ឬអាចទូរស័ព្ទមក Call Center 1277 ឬចូលជជែកសួរក្នុង GDT Live Chat ដែលអាចទាញយកកម្មវិធីទូរស័ព្ទដៃចេញពី App Store សម្រាប់ iOS ឬ Play Store
សម្រាប់ Android។
អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមនិងជឿជាក់ថា លោក-លោកស្រីជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករ របស់សហគ្រាសពិតជាយកចិត្តទុកដាក់ ក្នុងការដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលតាមច្បាប់កំណត់៕






