សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញថ្វាយគ្រឿងរណ្ដាប់បូជានៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម និងរូបសំណាកលោកយាយ ទេព នៅខេត្តសៀមរាប បួងសួងសុំសេចក្តីសុខចម្រើន និងសន្តិភាពជូនជាតិមាតុភូមិ (Video inside)

16-01-2026 19:37

(សៀមរាប)៖ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញមកបួងសួងសូមសេចក្ដីសុខ សេចក្ដីចម្រើន និងសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា នៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម និងរូបសំណាកលោកយាយ ទេព នៅខេត្តសៀមរាប ដែលជាទីសក្ការៈបូជាដ៏ស័ក្កសិទ្ធិ។

ដោយក្នុងនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយទៀន ធូប ផ្កាភ្ញី និងគ្រឿងរណ្ដាប់បូជាជាច្រើនមុខតាមបែបប្រពៃណីសាសនា មានរៀបចំនូវគ្រឿងតង្វាយ មានបាយសី ស្លាធម៌ ម្លូស្លា ផលានុផល គ្រប់មុខ ដា

ក់តាមថ្នាក់ជាលំដាប់លំដោយ ថ្វាយទស្សបរមី វត្ថុស័ក្តិសិទ្ធិ ឬទ្ធិបារមី នៃព្រះសម្មាសម្ពុទ្ធគ្រប់ៗព្រះអង្គ។

នាឱកាសនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រៅពីបានបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក ពិសេសបារមីគ្រប់ព្រះអង្គ បុព្វបុរសដូនតាយើង ជួយប្រោសព្រំដល់កូនចៅ និងទឹកដីកម្ពុជាដ៏ស័ក្តិសិទ្ធិ មាននូវសេចក្ដីសុខ សេចក្ដីចម្រើន សុខសន្ដិភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍ អ្នកម្ដាយមនុស្សធម៌ក៏បានឧទ្ទិសកុសលជូនចំពោះវីរយុទ្ធជន ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិ និងបួងសួងចំពោះព្រះមហាក្សត្រគ្រប់ជំនាន់ ដល់ដូនតាបុព្វបុរសខ្មែរ មេទ័ពខ្មែរ ដែលបានពលីសាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពទឹកដីបន្សល់ទុកឱ្យកូនចៅរហូតមកដល់ពេលនេះ ហើយសូមដួងព្រលឹងដូនតាខ្មែរ បន្ដជួយថែរក្សាមាតុភូមិយើងទៅមុខទៀតឱ្យបានសុខសប្បាយ រីកចម្រើនជារៀងដរាប។

ជាមួយគ្នានេះ សូមទស្សបរមី វត្ថុស័ក្កសិទ្ធិ ឬទ្ធិបារមី នៃព្រះសម្មាសម្ពុទ្ធគ្រប់ៗព្រះអង្គ បារមីព្រះអង្គចេកព្រះអង្គចម និងលោកយាយទេព សូមប្រសិទ្ធពរជ័យ តាមជួយបីបាច់គ្រងរក្សា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាជនកម្ពុជានៅទូទាំងប្រទេស សូមជួបប្រទះតែនឹងព្រះពុទ្ធមង្គលពរ ៤ប្រការ ទីឃាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់ពីអ្នកម្ដាយមនុស្សធម៌បានបួងសួងសុំសេចក្តីសុខចម្រើន និងសន្តិភាពជូនជាតិមាតុភូមិ, អ្នកម្ដាយមនុស្សធម៌ក៏បានប្រលែងសត្វ ដែលជាជំនឿមួយដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ និង​រួចពីទុក្ខ​ភ័យ ក្រៅពីឱ្យសត្វដែលជាប់ទ្រុងមានសេរីភាព។

ចំពោះពិធីបួងសួងសូមសេចក្ដីសុខ សេចក្ដីចម្រើន និងសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា នៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម និងរូបសំណាកលោកយាយទេព នៅខេត្តសៀមរាប ដែលជាទីសក្ការៈបូជា ដ៏ស័ក្កសិទ្ធិនេះ គឺបានធ្វើឡើងកបន្ទាប់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនរងរបួស និងពុលផ្សែងក្នុងសមរភូមិ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យយោធភូមិភាគទី៤ បើទោះបីជាមានបទឈប់បាញ់ជាបន្ទាន់ជាលើកទី២ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងមកហើយក៏ដោយ។

សូមជម្រាបថាសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋកម្ពុជាប្រសិទ្ធិនាមជា «អ្នកម្ដាយមនុស្សធម៌» ដ៏មាននូវព្រហ្មវិហារធម៌ និងទឹកចិត្ដសណ្ដោះប្រណីដ៏មហាសាលដល់ប្រជាជនប្រុសស្រី ក្មេងចាស់ គ្រប់រូប ពិសេសកូនចៅប្រុសស្រី ដែលជួបនូវបញ្ហាខ្វះខាត និងងាយរងគ្រោះបំផុត គឺអ្នកម្ដាយមិនដែលនៅស្ងៀម ដោយមិនបានយកចិត្ដទុកដាក់នោះឡើយ មានតែគិតគូរខ្វល់ខ្វាយ និងជួយចែករំលែករាល់ការលំបាកឱ្យអស់ពីលទ្ធភាព ទាំងការផ្ដល់ជាកម្លាំងកាយ-ចិត្ដ ថវិកា ស្បៀងឧបភោគបរិភោគ សម្ភារចាំបាច់ ខ្លះក៏មានផ្ដល់នូវផ្ទះសម្បែង និងផ្ដល់ការសិក្សារៀនសូត្រដល់កុលធីតាខ្មែរដែលចង់សិក្សាតែគ្មានលទ្ធភាពផងដែរនាពេលកន្លងមកនេះ។

សម្រាប់ក្នុងការគ្រាដ៏លំបាកនៃបញ្ហាព្រំដែនមួយរយៈកន្លងមកនេះ ទឹកចិត្ដរបស់អ្នកម្ដាយ ស្ទើរមិនបានសម្រាន្ដយប់ថ្ងៃ ព្រួយបារម្ដកាន់តែខ្លាំងពីសុខទុក្ខរបស់ប្រជាពលរដ្ឋប្រុសស្រីគ្រប់រូបៗ ពិសេសរស់នៅតាមបណ្ដោយព្រំដែន ដែលត្រូវបង្ខំចិត្ដរត់ចេញពីផ្ទះសម្បែងដ៏កក់ក្ដៅរបស់ខ្លួន ទៅរកទីតាំងមានសុវត្ថិភាព ដើម្បីផុតពីគ្រាប់បែកទម្លាក់ ឬបាញ់គ្រប់រូបភាព និងពុលផ្សែងជាដើម ដែលបង្កឱ្យមានភាពអសន្ដិសុខ និងសុវត្ថិភាពរបស់ប្រជាជន មានទាំងស្លាប់ និងរបួស ក្នុងនោះរួមមានការពលីជីវិតរបស់វីរយុទ្ធជនយើងផងដែរ។

ដូច្នេះក្នុងគ្រាដ៏លំបាកមួយរយៈមកនេះ អ្នកម្ដាយបានយកចិត្ដទុកដាក់ទាំងយប់ថ្ងៃ ចាត់មន្ដ្រីក្រុមការងារកាកបាទក្រហមកម្ពុជា ចុះទៅជួយគ្រប់ទីតាំងដែលត្រូវការជួយ និងជំនួយនានា ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនយើង រួមទាំងវីរយុទ្ធជនការពារជាតិមាតុភូមិរបស់យើង ក្នុងនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអញ្ជើញចុះសួរសុខទុក្ខដល់ដោយផ្ទាល់ដល់ប្រជាជនភៀសសឹក និងវីរយុទ្ធជនដែលរងរបួសសម្រាកនៅតាមមន្ទីរពេទ្យនានា នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ដផងដែរ៕