សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើកកិច្ចប្រជុំស្តីពីការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦

16-01-2026 21:02

(ខេត្តព្រៃវែង)៖ នៅថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំស្តីពីការងាររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៦ ស្ថិតក្រោមអធិបតីភាពលោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ចើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខាខេត្ត លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត មន្រ្តីក្រុមប្រតិបត្តសាខា និងលោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខាក្រុង-ស្រុក ទាំង១៣ សរុបចំនួន ៣០នាក់។

លោកប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខពីសំណាក់ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាខេត្ត ពិសេសសេចក្តីនឹករលឹក និងការផ្តាំសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

កិច្ចប្រជុំនេះមានរបៀបវារៈ ចំនួន ៦ចំណុច ដូចខាងក្រោម៖
១-មតិសំណេះសំណាលបើកកិច្ចប្រជុំ
២-ការរាយការណ៍របស់ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ អំពីលទ្ធផលកិច្ចប្រជុំរបស់កាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០២៥
៣-ពិនិត្យផែនការសកម្មភាព និងផែនការហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៦ និងស្នើសុំអនុម័តផែនការ
៤-ឆ្លងកាលបរិច្ឆេទសម្ភោធអគារមត្តេយ្យសិក្សា ចំនួន ២ខ្នង និងកន្លែងលាងដៃ ចំនួន ១០ រួមគ្នា
៥-ការចូលរួមមតិយោបល់ពីសមាជិក សមាជិកានៃកិច្ចប្រជុំ
៦-មតិបូកសរុប ឯកឧត្តមប្រធានអង្គប្រជុំ

ជាកិច្ចបញ្ចប់ លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានមានមតិផ្តាំផ្ញើសមាជិក សមាជិកគណៈកម្មាធិការ ចូលរួមអោយបានគ្រប់សកម្មភាពការងារមនុស្សធម៌ ដែលសាខាខេត្ត មានផែនការក្នុងឆ្នាំ ២០២៦ និងជូនពរដល់សមាជិក សមាជិកានៃកិច្ចប្រជុំ ដែលមានវត្តមាននៅទីនេះ ក្នុងឱកាសចូលឆ្នាំថ្មី២០២៦ ខាងមុខនេះ សូមទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារៈកិច្ច និងទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ គឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕