ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្តល់បទសម្ភាសន៍ជូនសារព័ត៌មានរដ្ឋរបស់ចិន ដោយគូសបញ្ជាក់ពីភាពរឹងមាំនៃមិត្តភាពដែកថែប និងការប្តេជ្ញាពង្រីកសក្ដានុពល​វិនិយោគ

16-01-2026 21:20

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ពិសេសជូន​ភ្នាក់​ងារ​​សារព័ត៌មាន China News Service (CNS) ដែលជាស្ថាប័នព័ត៌មានរដ្ឋដ៏ធំមួយ​របស់​​ចិន ដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច បរិយាកាសវិនិយោគ និងភាពរឹងមាំ​នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

តាមរយៈកិច្ចសម្ភាសន៍នេះ លោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជន​កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសចំពោះលោកប្រធានាធិបតី ស៊ី ជិនពីង ដែលបានដាក់ចេញគំនិតផ្តួចផ្តើម «ខ្សែ​ក្រវាត់ និងផ្លូវ (BRI)»។ សម្រាប់លោកឧបនាយករដ្ឋមន្ត្រី គំនិតផ្តួចផ្តើមនេះ បានដើរ​តួនា​ទី​យ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តធំៗ ដែលជាសរសៃឈាមសេដ្ឋកិច្ច​ដ៏មាន​សារៈ​សំខាន់។

ពាក់ព័ន្ធនឹងស្ថានភាពពាណិជ្ជកម្ម និងវិនិយោគ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់​ថា ចិននៅតែជាប្រភពទុនវិនិយោគធំជាងគេបង្អស់នៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា៖ «កម្ពុជាស្វាគមន៍រាល់ការវិនិយោគស្របច្បាប់​ពីគ្រប់បណ្តាប្រទេស​ទាំង​អស់ ដោយគ្មានការរើសអើង»។

លោក ស៊ុន​ ចាន់ថុល បានអំពាវនាវឱ្យវិនិយោគិនចិន ពិចារណាពិនិត្យលទ្ធភាពក្នុង​ការ​បោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ដោយសារកម្ពុជាស្ថិត​នៅចំណុច​កណ្តាលនៃតំបន់ និងមានអត្ថប្រយោជន៍លើកទឹកចិត្តជាច្រើន​តាមរយៈច្បាប់​វិនិយោគ​ថ្មី។ សម្រាប់ឆ្នាំ២០២៦នេះ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរចិនកាន់តែច្រើន ដែលជានឹងក្លាយជាកម្លាំងចលករជួយដល់សេដ្ឋកិច្ចមូលដ្ឋាន។

ក្នុងនាមជាឆ្នាំដែលប្រារព្ធខួបលើកទី៦៨ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន លោកឧប​នា​យក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលឹកពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ដែលត្រូវបាន​ត្រួស​ត្រាយផ្លូវដោយ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់​ដឹកនាំចិនជំនាន់មុន ហើយត្រូវបានបន្តពូនជ្រំយ៉ាងរឹងមាំដោយសម្តេចតេជោ ហ៊ុន សែន និងបន្តមកដល់បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សំដៅពង្រឹង «មិត្តភាពដែកថែប» មួយនេះ ឱ្យកាន់តែ​ស្ថិត​ស្ថេរជាអមតៈ។

លោកឧបនាយករដ្ឋមន្ត្រី បានអះអាងជាថ្មីនូវជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងការគាំទ្រ «គោលនយោបាយចិនតែមួយ»។ បន្ថែមលើនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច​មហាបវរធិបតីនាយករដ្ឋមន្ត្រី កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងដាច់ខាត ក្នុងការ​ប្រយុទ្ធ​ប្រឆាំង និងបង្ក្រាបរាល់សកម្មភាពខុសច្បាប់នានា ជាពិសេសបទល្មើស​ឆបោក​តាម​ប្រព័ន្ធអនឡាញ (Online Scamming) ដើម្បីធានានូវបរិយាកាសវិនិយោគ និង​ទេសចរណ៍ដ៏ស្រស់បំព្រង និងមានសុវត្ថិភាពនៅកម្ពុជា សម្រាប់គ្រប់ៗ​គ្នាទាំង​ភ្ញៀវ​ទេស​ចរ និងអ្នកវិនិយោគ។

សូមបញ្ជាក់ថា នៅដើមខែមករា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអនុញ្ញាតឱ្យបណ្តាញសារព័ត៌មានកម្រិតពិភពលោកជាច្រើនស្ថាប័នចូលមកសម្ភាសន៍រូបលោក។ បណ្តាញសារព័ត៌មានទាំងនោះមានដូចជា Bloomberg និង Nikkei Asia៕