ព្រះមន្ដ្រីសង្ឃខេត្តសៀមរាប និងខេត្តបាត់ដំបង និមន្តចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់មូលនិធិវត្តខ្មែរខេមរពុទ្ធិការាម នៅសហរដ្ឋអាមេរិក ចែកជូនដល់ជនភៀសសឹក នៅស្រុកស្រីស្នំ

16-01-2026 22:00

(សៀមរាប)៖ ព្រះមន្រ្តីសង្ឃខេត្តសៀមរាប និងខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បាននិមន្តចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់របស់មូលនិធិវត្តខ្មែរខេមរពុទ្ធិការាម នៅទីក្រុងឡងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ចែកជូនដល់ជនភៀសសឹកចំនួន៦៥០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងវត្តប្រាសាទបូទុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។

ព្រះមហាចារ សំ សារ៉ូន ព្រះចៅអធិការវត្តខ្មែរខេមរពុទ្ធិការាម (ហៅវត្តវីលឡូរ៍) ទីក្រុងឡង់ប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មានសង្ឃដីកាថា ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងប្រឈមបញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ ដែលជាការគំរាមកំហែងលើបូរណភាពទឹកដីកម្ពុជា និងប្រជាពលរដ្ឋ។ ដូច្នេះយើងត្រូវពង្រឹងស្មារតីរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជម្នះរាល់ការលំបាក និងការពារជាតិមាតុភូមិ។

ព្រះអង្គមានសង្ឃដីកាបន្តថា ស្ថិតនៅក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងទទួលរងនូវការរំលោភបំពាន និងការគម្រាមកំហែង យ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពីសំណាក់យោធាថៃ សូមឲ្យញាតិញោមប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវរួបរួមសាមគ្គីជួយគ្នាក្នុងគ្រាលំបាកនេះ។

ព្រះមហាចារ សំ សារ៉ូន មានសង្ឃដីកាបញ្ជាក់ថា ប្រសិនបើមានទុក្ខរួមទុក្ខ មានសុខរួមសុខ គ្មានអ្វីដែលល្អប្រសើរជាង ពេលបានឃើញប្រទេសជាតិ មានសន្តិភាព ប្រជាពលរដ្ឋបានរស់នៅជួបជុំគ្រួសារ ពោរពេញទៅដោយស្នាមញញឹមនោះឡើយ។ សង្គ្រាមនេះ បានធ្វើឲ្យប្រជាពលរដ្ឋឈឺចាប់ខ្លោចផ្សាមិនអាចគណនាបានផងដែរ៕