សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ និងទូតអង់គ្លេស ផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធការពង្រីកកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាព

17-01-2026 11:17

(ភ្នំពេញ)៖ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនពីប្រតិបត្តិការបង្ក្រាបទីតាំង និងមុខសញ្ញាសំខាន់ៗមួយចំនួនដែលមានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានគូសបញ្ជាក់ពីជំហរម៉ឹងម៉ាត់ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងលើមេក្លោង និងបក្ខពួកដែលមានជាប់ពាក់ព័ន្ធ។

ទន្ទឹមនេះ សន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេសដែលពាក់ព័ន្ធ សំដៅធ្វើយ៉ាងណារួមគ្នា បង្ក្រាប បោសសម្អាត និងផ្តន្ទាទោសក្រុមឧក្រិដ្ឋជនឆបោកឱ្យបានទូលំទូលាយ និងជាសកល។

ជាកិច្ចឆ្លើយតប ឯកអគ្គរាជទូត បានសម្តែងការកោតសរសើរ និងអបអរសាទរ ចំពោះលទ្ធផលនៃប្រតិបត្តិការបង្ក្រាបទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធសំខាន់ៗមួយចំនួន នាពេលកន្លងមក ដែលលទ្ធផលនេះ គឺជាសក្ខីកម្មជាក់ស្តែង នៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងជាការបង្ហាញទៅកាន់សកលលោកពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអនុវត្តកិច្ចការនេះប្រកបដោយភាពសកម្ម។ ភាគីអង់គ្លេសរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងផែនការជំហានបន្ទាប់ ពាក់ព័ន្ធការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសតាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាព៕