អគ្គនាយកអាជ្ញាធរជាតិអប្សរា និងទូតកូរ៉េប្រចាំកម្ពុជា ចែករំលែកលទ្ធផលបញ្ចប់គម្រោងអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរី ដំណាក់កាលទី២
17-01-2026 12:00
(សៀមរាប)៖ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Kim Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងសន្និសីទស្ដីពីការចែករំលែកលទ្ធផលបញ្ចប់គម្រោងអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរី ដំណាក់កាលទី២។
សន្និសីទនេះ ដោយមានការចូលរួមពីតំណាងជាន់ខ្ពស់ នៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកជំនាញជាតិ-អន្តរជាតិ ដែលមកពីស្ថាប័នដៃគូលើការងារអភិរក្ស និងជួសជុលប្រាសាទបុរាណជាច្រើនផងដែរ។
លោក Kim Chang Yong បានថ្លែងថា ម្សិលមិញ លោកបានអញ្ជើញទៅទស្សនាតំបន់ប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរីដោយផ្ទាល់ ហើយពិនិត្យឃើញថា លទ្ធផលនៃការអភិរក្ស និងស្ដារឡើងវិញ ជាច្រើនឆ្នាំមកនេះ មានភាពល្អបំផុត។ លទ្ធផលដ៏ល្អនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងអ្នកជំនាញកូរ៉េ ជាមួយនឹងអាជ្ញាធរជាតិអប្សរា។
លោកបណ្ឌិត ហង់ ពៅ បានថ្លែងថា ការអភិរក្សយ៉ាងប្រុងប្រយ័ត្ន នៅក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរី ដែលរួមបញ្ចូលទាំងផ្នែកវិទ្យាសាស្ត្រ និងការពង្រឹងសមត្ថភាព បច្ចេកទេសដល់ក្រុមការងារជំនាញផងនោះ បានធ្វើឱ្យមានភាពជោគជ័យយ៉ាងប្រសើរ។ ជោគជ័យទាំងនេះ អាចកើតឡើងបានដោយសារតែមានភាពជឿជាក់ ទំនុកចិត្ត និងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងកូរ៉េ។
ក្នុងនោះ ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ (KHA) និងអាជ្ញាធរជាតិអប្សរា បានសហការគ្នាចែករំលែកជំនាញ ចក្ខុវិស័យ និងការលះបង់យ៉ាងច្រើនក្នុងភាពជាដៃគូ។ ភាពជាដៃគូនេះ មិនត្រឹមតែជាលក្ខណៈផ្លូវការប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈជាមនុស្សធម៌ទៀតផង។
ក្នុងឱកាសនោះ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ក៏បានជូនប័ណ្ណថ្លែងអំណរគុណ និងការកោតសរសើរដល់ថ្នាក់ដឹកនាំកូរ៉េផងដែរ។
សូមបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េបានបន្តកិច្ចសហប្រតិបត្តិការ ក្នុងវិស័យបេតិកភណ្ឌជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា អស់រយៈពេលជាង១០ឆ្នាំមកហើយ។
ពោលគឺចាប់តាំងពីឆ្នាំ២០១៤មក រដ្ឋាភិបាលកូរ៉េបានចាប់ផ្ដើមកិច្ចសហប្រតិបត្តិការ ODA តាមរយៈគម្រោងមូលដ្ឋានក្នុងការអភិរក្សក្រុមប្រាសាទព្រះពិធុរ ហើយវិសាលភាពក៏បានពង្រីកដល់គម្រោងនៃការជួសជុលគ្រឹះបាកានរបស់ប្រាសាទអង្គរវត្តផងដែរ។
គម្រោងអភិរក្ស និងជួសជុលក្រុមប្រាសាទព្រះពិធុរ និងព្រះលានជល់ដំរីដំណាក់កាលទី២ បានចាប់ផ្ដើមឡើងតាំងពីអំឡុងខែតុលា ឆ្នាំ២០១៩ ហើយបានបញ្ចប់នៅក្នុងខែមករា ឆ្នាំ២០២៦៕

























