ប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ ណែនាំដល់សមាជិកត្រូវបន្ដសកម្មភាពកាន់តែសកម្ម ក្នុងការពង្រឹងសន្ដិសុខមូលដ្ឋាន ការផ្ដល់សេវាសាធារណៈ ពិសេសយកចិត្តទុកដាក់ខ្ពស់លើជនងាយរងគ្រោះបំផុត
17-01-2026 13:35
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា ប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ បានបន្ដណែនាំដល់សមាជិក សមាជិការបក្ស ត្រូវបន្ដសកម្មភាពកាន់តែសកម្មក្នុងការពង្រឹងសន្ដិសុខមូលដ្ឋាន និងផ្ដល់សេវាសាធារណៈប្រកបដោយគុណភាព ការយកចិត្តទុកដាក់លើជនរងគ្រោះនិងងាយរងគ្រោះបំផុត។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រចាំខែក្នុងឆ្នាំចាស់ និងលើកទិសដៅបន្តសម្រាប់ដើមឆ្នាំថ្មី នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំគណបក្សខណ្ឌសែនសុខ។
លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា ដើម្បីបម្រើប្រជាពលរដ្ឋយើងកាន់តែមានភាពល្អប្រសើរ និងការពេញចិត្ដ សូមសមាជិក សមាជិការទាំងអស់បន្ដពង្រឹងសតិអារម្មណ៍ និងប្រឆាំងព័ត៌មានក្លែងក្លាយ ការងារឃោសនាអប់រំ និងចិត្តសាស្ត្រសង្គម និងប្រឆាំងព័ត៌មានក្លែងក្លាយ ស្របតាមស្ថានភាពបច្ចុប្បន្នភាពនេះ។
លើសពីនោះគឺការងារសន្តិសុខ និងសេវាសាធារណៈ ត្រូវពង្រឹងសន្តិសុខមូលដ្ឋាន និងផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងការយកចិត្តទុកដាក់លើជនរងគ្រោះនិងងាយរងគ្រោះបំផុត ព្រមទាំងត្រូវបង្កើនសមិទ្ធផលសេដ្ឋកិច្ច, ការកសាងបក្ស ដោយត្រូវពង្រឹងការចាត់តាំង និងបន្តបំពាក់បំប៉នចំណេះដឹង និងស្មារតីដល់ប្រជាពលរដ្ឋអំពីសមិទ្ធផល។
ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានគូសរម្លឹកថា «ដោយសារការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកម្ពុជា និងជាប្រធានព្រឹទ្ធសភា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឱ្យប្រទេសជាតិយើងរួចផុតពីស្ថានភាពដ៏អាក្រក់នៃបញ្ហាព្រំដែនកន្លងទៅថ្មីៗនេះ ដូចនេះយើងត្រូវបន្តជឿជាក់លើរាជរដ្ឋាភិបាល សាមគ្គីជាធ្លុងមួយ កុំឱ្យកម្លាំងប្រឆាំងណាមួយមកបំបែកបំបាក់បាន ដើម្បីប្រទេសជាតិយើងបន្តភាពរឹងមាំ និងរីកចម្រើន»។
ជាងនេះទៅទៀតនៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយុទ្ធនាការ បោសសំអាតការឆបោកតាមប្រព័ន្ធអនឡាយ ដូច្នេះក្រុមការងារយើងទាំងអស់គ្នា ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលឱ្យបានសស្រាក់សស្រាំ ព្រោះថា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ។
លោកសាស្រ្តាចារ្យបានថ្លែងទៀតថា «ដូច្នេះហើយយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាចំណុចដ៏សំខាន់នាពេលបច្ចុប្បន្ននេះ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត»។
សូមជម្រាបថានៅក្នុងកិច្ចប្រជុំខាងលើនេះ លោកសាស្រ្តចារ្យ ឈាង រ៉ា ក៏បានវាយតម្លៃខ្ពស់ចំពោះរបាយការណ៍ទូទៅ និងការងារគណបក្សខណ្ឌសែនសុខ ព្រមទាំងមតិចូលរួម និងរាយការណ៍របស់សមាជិកអង្គប្រជុំ ដែលសម្រេចបានសមិទ្ធផលជាច្រើនជូនប្រជាជននៅតាមមូលដ្ឋាន និងលើកចិត្តឲ្យបំពេញការងារកាន់តែសកម្មបន្តទៀត ជាពិសេសបំពេញនូវចំណុចខ្វះខាតនានា ដែលមិនទាន់ធ្វើរួចរាល់នៅឡើយឱ្យចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខផងដែរ៕





















