រដ្ឋមន្ត្រី ភឿង សកុណា និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បើកមហោស្រពភាពយន្តឥណ្ឌា ឆ្នាំ២០២៦ នៅរោងភាពយន្ត លេជេន អូឡាំព្យ៉ា

17-01-2026 13:43

(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក Vanlavawna Bawitlung ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកការចាក់បញ្ចាំងមហោស្រពភាពយន្តឥណ្ឌា ឆ្នាំ២០២៦ នៅរោងភាពយន្ត លេជេន អូឡាំព្យ៉ា។

ថ្លែងនាឱកាសនោះលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងអំឡុងទសវត្សទី៩០ ភាពយន្តឥណ្ឌា មានការគាំទ្រខ្លាំងពីសំណាក់ប្រជាជនកម្ពុជា រួមទាំងរូបលោកស្រីផងដែរ។ ការរៀបចំឱ្យមានមហោស្រពភាពយន្តឥណ្ឌានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ផលិតករភាពយន្តឥណ្ឌាក្នុងការចែករំលែក នូវបទពិសោធន៍ដល់ផលិតករកម្ពុជា ទាំងផលិតករអាជីព និងផលិតករឯករាជ្យ ដើម្បីជាចំណេះដឹងបន្ថែមក្នុងការពង្រឹងសមត្ថភាពផលិត។ មួយវិញទៀតក៏ជាការបើកឱកាសសម្រាប់ផលិតករ នៃប្រទេសទាំងពីរសហការដើម្បីផលិតភាពយន្តរួមគ្នា។

នាឱកាសនោះដែរលោក Vanlavawna Bawitlung បានថ្លែងគូសបញ្ជាក់ពីសារៈសំខាន់នៃព្រឹត្តិការណ៍នេះ ព្រោះវាផ្នែកមួយជាការតភ្ជាប់ទំនាក់ទំនងប្រជាជន និងវប្បធម៌នៃប្រទេសទាំងពីរ។ លោកក៏បានសម្តែងក្តីសង្ឃឹមថា មហោស្រពនេះ នឹងរួមចំណែកក្នុងការបង្កើនចំណាប់អារម្មណ៍ឡើងវិញលើភាពយន្តឥណ្ឌាពីសំណាក់សាធារណជនកម្ពុជា, ភាពយន្តឥណ្ឌានឹងត្រូវបានចាក់បញ្ចាំងម្តងទៀត នៅក្នុងរោងភាពយន្តសំខាន់ៗទូទាំងប្រទេសកម្ពុជា ដូចដែលបានធ្វើកាលពីអតីតកាល។

វិស័យភាពយន្តឥណ្ឌា គឺជាវិស័យសំខាន់មួយដែលផ្តល់ទេសភាពវប្បធម៌ដ៏សម្បូរបែបរបស់ឥណ្ឌាទៅកាន់ពិភពលោក ខណៈពេលដែលខ្សែភាពយន្តបូលីវូដ ជាភាសាហិណ្ឌីត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយបំផុតនៅទូទាំងពិភពលោក ឧស្សាហកម្មនេះក៏បន្តផ្តោតលើឧស្សាហកម្មភាពយន្តក្នុងតំបន់ជាច្រើនភាសាផងដែរ (ដូចជាភាសាតាមីល តេលូហ្គូ ម៉ាឡាយ៉ាឡាម បេងហ្គាលី និងផ្សេងៗទៀត) ដែលរួមចំណែកដល់សិល្បះរស់រវើក។

ជាមួយនឹងប្រពៃណីដ៏យូរឡុង និងភាពសម្បូរបែបនៃតន្ត្រី របាំ រឿងភាគ និងមនោសញ្ចេតនា, រឿងកុនឥណ្ឌាមានការគាំទ្រពីទស្សនិកជនទូទាំងពិភពលោក។ ប្រទេសឥណ្ឌាផលិតខ្សែភាពយន្តច្រើនជាងប្រទេសដទៃទៀតជារៀងរាល់ឆ្នាំ ហើយវាមានសក្តានុពលដ៏ធំធេងក្នុងការក្លាយជាមជ្ឈមណ្ឌលសកលសម្រាប់ការផលិតខ្សែភាពយន្ត។ វាមានធនធានដ៏សម្បូរបែប រួមទាំងទីតាំងថតជាច្រើនប្រភេទ (ចាប់ពីភ្នំ និងវាលខ្សាច់ រហូតដល់ឆ្នេរ និងទីក្រុង) ស្ទូឌីយោដែលបំពាក់ឧបករណ៍ទំនើបៗ និងកន្លែងផលិតក្រោយផលិតកម្មទំនើបៗដែលបំពេញតាមស្តង់ដារលំដាប់ពិភពលោក។

ព្រឹត្តិការណ៍នេះនឹងបន្តរហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ដោយមានខ្សែភាពយន្តបូលីវូដ សរុបចំនួនប្រាំដើម្បីបង្ហាញពីភាពរស់រវើកនៃរោងកុនឥណ្ឌាដល់ទស្សនិកជនកម្ពុជា។ កាលវិភាគចាក់បញ្ចាំងសម្រាប់ថ្ងៃដែលនៅសល់គឺ៖ ថ្ងៃទី១៧ ខែមករា - Khaali Peeli វេលាម៉ោង ៥:០០ ល្ងាច និង Gadar 2 វេលាម៉ោង ៧:៣០ ល្ងាច ។ ថ្ងៃទី១៨ ខែមករា - Suraj Pe Mangal Bhari វេលាម៉ោង ៥:០០ ល្ងាច និង Rakshabandhan វេលាម៉ោង ៧:៣០ ល្ងាច។

វាគឺជាកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ ដើម្បីលើកកម្ពស់ការទូតវប្បធម៌ ជាពិសេសក្រោមគោលនយោបាយទិសបូព៌ (Act East) របស់ឥណ្ឌា ដែលសង្កត់ធ្ងន់លើការចូលរួមកាន់តែជិតស្និតជាមួយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ លើវិស័យ ភាពយន្ត ការអប់រំ និងបេតិកភណ្ឌ៕