រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសម្ភារចាំបាច់ ជូនដល់មន្ត្រីគម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ និងវីរកងទ័ព

17-01-2026 13:43

(បន្ទាយមានជ័យ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង និងដោយមានការចូលរួមពីតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសម្ភារចាំបាច់ជូនដល់មន្ត្រីគម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ចំនួន ២គ្រួសារ និងវីរកងទ័ពចំនួន ៧នាក់ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយសារថៃឈ្លានពាន នាពេលកន្លងមក។

លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានសាកសួរសុខទុក្ខ និងផ្ដល់ការគាំទ្រលើកទឹកចិត្ត និងការឧបត្ថម្ភជាសម្ភារចាំបាច់មួយចំនួនដល់គ្រួសារមន្ត្រីគម្រោងផ្លូវជាតិលេខ៥ និងវីរកងទ័ពដើម្បីបង្ហាញអំពីភាពរួបរួមគ្នាជាធ្លុងមួយដ៏រឹងមាំនៃខឿនការពារជាតិរបស់កម្ពុជា និងសូមថ្លែងអំណរគុណ ព្រមទាំងកោតសរសើរដោយស្មោះចំពោះវីរភាពរបស់កងទ័ព និងគ្រប់បណ្តាកងកម្លាំងឈរជើងការពារព្រំដែនទាំងអស់ ដែលបានលះបង់យ៉ាងធំធេងទាំងសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារទឹកដីមាតុភូមិ៕