ក្នុងឆ្នាំ២០២៥ តុលាការគ្រប់ជាន់ថ្នាក់បានចាត់ការសំណុំរឿងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីជាង ១៧ម៉ឺន ស្មើនឹង ៨០,៣០% នៃសំណុំរឿងសរុបទូទាំងប្រទេសជាង ២១ម៉ឺន

17-01-2026 13:59

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ តាមរយៈសេចក្តីប្រកាសព័ត៌មាន បានបង្ហាញអំពីលទ្ធផលសំខាន់ៗនៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ នៅក្នុងឆ្នាំ២០២៥។

លទ្ធផលទាំងនេះរួមមានដូចខាងក្រោម៖

ទី១- ក្នុងឆ្នាំ២០២៥ កន្លងមកនេះ, តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសបានចាត់ការសំណុំរឿង ទាំងរឿងព្រហ្មទណ្ឌ ទាំងរឿងរដ្ឋប្បវេណីបានចំនួន ១៧២ ៣៩៩ ស្មើនឹង ៨០,៣០% នៃសំណុំរឿងសរុបនៅទូទាំងប្រទេសចំនួន២១៤ ៦៨៧។ នៅក្នុងចំណោមសំណុំរឿងសរុបទាំងនេះរួមមាន៖

*សំណុំរឿងព្រហ្មទណ្ឌចំនួន ១០៩ ៩២១ តុលាការគ្រប់ជាន់ថ្នាក់ចាត់ការបានចំនួន ៩១ ៤០២ ស្មើនឹង ៨៣,១៥%

*សំណុំរឿងរដ្ឋប្បវេណីចំនួន ១០៤ ៧៦៦ តុលាការគ្រប់ជាន់ថ្នាក់ចាត់ការបានចំនួន ៨០ ៩៩៧ ស្មើនឹង ៧៧,៣១%។

គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលសម្រេចបាននេះដែលជាការបង្ហាញពីការយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ក្នុងការដោះស្រាយរឿងក្តីបានឆាប់រហ័សជូនប្រជាពលរដ្ឋ។

ទី២៖ គិតចាប់តាំងពីពេលប្រកាសបើកយុទ្ធនាការ គណៈបញ្ជាការដឹកនាំយុទ្ធនាការបានប្រកាសទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋទាំងអស់ ដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួន មានភាពមិនប្រក្រតី។ ក្នុងឆ្នាំ២០២៥ កន្លងទៅនេះ លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការទទួល បានពាក្យបណ្តឹង ចំនួន ១ ៧៥៩បណ្ដឹង ដោយក្នុងនោះរួមមាន៖

១)- ករណីស្នើសុំជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការមានចំនួន ៦៣៨ករណី ស្មើនឹង ៣៦,២៧% ហើយតុលាការបានដោះស្រាយចប់សព្វគ្រប់បាន ១០០%។

២)- ពាក្យបណ្តឹងស្នើសុំឱ្យមានការត្រួតពិនិត្យអំពីភាពមិនប្រក្រតី មានចំនួន ១ ១២១ករណី (ក្នុងនោះរួមមានបណ្ដឹងសល់ពីឆ្នាំ២០២៤ ចំនួន ២៤៣ ករណី) ស្មើនឹង ៦៣,៧២% ប៉ុន្តែ ពាក្យបណ្តឹងចំនួន ៨ករណី ត្រូវបានតម្កល់ឥតចាត់ការ និងពាក្យបណ្តឹងចំនួន ២៦ករណី ត្រូវបានម្ចាស់បណ្ដឹងដកពាក្យបណ្តឹងវិញ ដូច្នេះ ពាក្យបណ្ដឹងដែលនៅសល់ ដែលត្រូវចាត់ការមានចំនួន ១ ០៨៧ករណី។ គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ចាត់ការរួចបានចំនួន ៨៦៧ ករណី ស្មើនឹង ៧៩,៧៦%។ ក្នុងចំណោមសំណុំរឿងដែលបានចាត់ការ៖

*ត្រូវបានរកឃើញថា «ពុំមានភាពមិនប្រក្រតី» ចំនួន ៨១៤ ករណី ស្មើនឹង ៩៣,៨៩% ក្នុងនោះ តុលាការសម្រេចដោយមានសំអាងហេតុ និងសំអាងច្បាប់ត្រឹមត្រូវ និងច្បាស់លាស់ ចំនួន ៤០៣ករណី ស្មើនឹង ៤៦,៤៨%, សំណុំរឿងដែលកំពុងស្ថិតក្នុង ចំណាត់ការរបស់តុលាការ ហើយម្ចាស់បណ្តឹងគ្រាន់តែបារម្ភថាអាចមានភាពមិនប្រក្រតី ចំនួន ៤០២ករណី ស្មើនឹង ៤៦,៣៧% និងករណីគូភាគីបានយល់ព្រមសម្រុះសម្រួលគ្នាចំនួន ៩ករណី ស្មើនឹង ១,០៤%។

*មានតម្រុយសង្ស័យថា «អាចមានភាពមិនប្រក្រតី» ចំនួន ៥៣ករណី ស្មើនឹង ៦,១១% (មានការថយចុះ បើធៀបនឹងឆ្នាំ ២០២៤ កន្លងទៅ ដែលមាន ៦,៧២%) ក្នុងនោះ បានចាត់ឱ្យមានការចុះធ្វើអធិការកិច្ច ចំនួន ៣៦ករណី ស្មើនឹង ៤,១៥%, ភាគីអាច ស្នើសុំឱ្យមានការជំនុំជម្រះសាជាថ្មី ចំនួន ៧ ករណី ស្មើនឹង ០,៨១%, ធ្វើអធិបញ្ជាឱ្យចោទប្រកាន់ ចំនួន ៧ករណី ស្មើនឹង ០,៨១% និងផ្ទេរសមត្ថកិច្ច ចំនួន ៣ ករណី ស្មើនឹង ០,៣៥%។ ក្នុងចំណោមករណី ដែលបានចុះអធិការកិច្ចទាំង ៣៦ករណី, បានរកឃើញមានភាពមិនប្រក្រតី ហើយបានបញ្ជូនទៅក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃ អង្គចៅក្រម ចំនួន ២៧ករណី ដែលក្នុងនោះ មានពាក់ព័ន្ធនឹងចៅក្រម ចំនួន ៤៤រូប និងព្រះរាជអាជ្ញាចំនួន ១៧រូប។

*សំណុំរឿងនៅសល់ និងកំពុងចាត់ការដោយគណៈបញ្ជាការដឹកនាំយុទ្ធនាការមានចំនួន ២២០ករណី ស្មើនឹង ២០,២៤% នៃចំនួនសំណុំរឿងសរុប ដែលគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការទទួលបាន។

ផ្អែកលើទិន្នន័យខាងលើ ដោយធៀបនឹងសំណុំរឿងទូទាំងប្រទេស ដែលមានចំនួន ២១៤ ៦៨៧ករណី ប្រជាពលរដ្ឋដែលយល់ថាមានភាពមិនប្រក្រតីចំពោះចំណាត់ការលើសំណុំរឿងរបស់ខ្លួន ហើយបានដាក់ពាក្យបណ្ដឹងមកកាន់លេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ មានចំនួន ១ ៧៥៩ បណ្តឹង ស្មើនឹង ០,៨១% នៃសំណុំរឿងសរុបទូទាំងប្រទេស។ ជាលទ្ធផល ក្នុងចំណោមសំណុំរឿងសរុបនៅទូទាំងប្រទេស សំណុំរឿងដែលត្រូវបានរកឃើញតម្រុយសង្ស័យថាអាចមានភាពមិនប្រក្រតីមានចំនួនត្រឹមតែ ៥៣ករណី គឺស្មើនឹង ០,០២% នៃសំណុំរឿងសរុបទូទាំងប្រទេសប៉ុណ្ណោះ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំង និងបញ្ជាក់ យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់តុលាការលើការពង្រឹងគុណភាពនៃការសម្រេចសេចក្តីរបស់ខ្លួន៕