រដ្ឋមន្ត្រីក្រសួងសារគមនាគមន៍ម៉ាឡេស៉ី នឹងចាត់ក្រុមការងារជំនាញដើម្បីគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន ជាមួយប៉ុស្តិ៍ទូរទស្សន៍ឥស្លាមកម្ពុជា
17-01-2026 14:00
(ម៉ាឡេស៉ី)៖ លោក Fahmi Fadzil រដ្ឋមន្ត្រីក្រសួងសារគមនាគមន៍ម៉ាឡេស៉ី បានគូសបញ្ជាក់ថា នឹងចាត់ក្រុមការងារជំនាញដើម្បីគាំទ្រ និងបង្កើតកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន ជាមួយប៉ុស្តិ៍ទូរទស្សន៍ឥស្លាមកម្ពុជា (Cambodian Islamic TV Channel-CiTV)។ លោកបានគូសបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងគណៈប្រតិភូកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី។
ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបជូន លោករដ្ឋមន្ដ្រី អំពីបេសកកម្មរបស់ទូរទស្សន៍ឥស្លាមកម្ពុជា ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានសហគមន៍ ការអប់រំ និងព័ត៌មានទូទៅទាំងក្នុង និងក្រៅប្រទេស។ ប្រព័ន្ធផ្សព្វផ្សាយសហគមន៍នេះ គឺជាសម្លេងយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងនាំសម្លេងសហគមន៍ ទៅកាន់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ CiTV បានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជា។
ជាមួយគ្នានេះ លោក Fahmi Fadzil បានបង្ហាញការចាប់អារម្មណ៍ចំពោះប្រតិបត្តិការរបស់ទូរទស្សន៍ឥស្លាមកម្ពុជា និងបានសន្យាចាត់តាំងក្រុមជំនាញឲ្យមកធ្វើការងារជិតស្និទ្ធ ដើម្បីផ្លាស់ប្តូរខ្លឹមសារព័ត៌មាន និងបទពិសោធន៍ជាមួយគ្នា ជាពិសេសតាមរយៈបណ្តាញទូរទស្សន៍ MYTV របស់ម៉ាឡេស៊ី។
លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ក៏បានអញ្ជើញរដ្ឋមន្ត្រីសារគមនាគមន៍ម៉ាឡេស៉ី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីឈានទៅដល់ការរៀបចំចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរលើវិស័យពាក់ព័ន្ធ នាពេលខាងមុខឆាប់ៗនេះ៕
















