សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក និងគណៈសង្ឃនាយក បន្តនិមន្តយាងចុះសួរសុខទុក្ខវីរយុទ្ធជន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នាភូមិសាស្រ្តខេត្តឧត្តរមានជ័យ (Video inside)

17-01-2026 14:44

(ឧត្តរមានជ័យ)៖ បន្ទាប់ពីសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តច័ន្ទបុរីវង្ស នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ ជាមួយគណៈសង្ឃនាយក និងសប្បុរសជននាៗ បានយាងនិមន្ត និងអញ្ជើញអុចធូបទៀន បួងសួងសុំសេចក្តីសុខ ក្នុងបរិវេណប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យ សូមសុខសន្តិភាពជូនប្រទេសកម្ពុជា ពិសេសឧទ្ទិសកុសលដល់កងទ័ពពលី ក្នុងបុព្វហេតុការពារជាតិរួចមកសម្តេចជាអង្គម្ចាស់បានបន្តយាងអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នាភូមិសាស្រ្តខេត្តឧត្តរមានជ័យ។

ពិធីចុះសួរសុខទុក្ខវីរយុទ្ធជន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនាភូមិសាស្រ្តខេត្តឧត្តរមានជ័យ ក៏មានការយាង និងអញ្ជើញពីសំណាក់ សម្តេចព្រះវនរ័ត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណរាជធានីភ្នំពេញ, សម្តេចព្រះមង្គលមុនីរង្សី ហូ ឈីវនាថ ព្រះប្រធានលេខាធិការរដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា, ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង ព្រះចៅអធិការវត្តចន្ទប្បជ្ជោត្តនារាម (វត្តតាសុត) ព្រះរាជាគណៈ ព្រះគ្រូ ព្រះចៅអធិការ ព្រះថេរានុត្ថរៈគ្រប់ព្រះអង្គ, លោកស្រី កែ សួនសុភី ស សុខា, លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន, លោកស្រី អ៊ីវ ស្រ៊ី ទីប្រឹក្សាក្រសួងមហាផ្ទៃ, ឧកញ៉ា សួង សារុន និងឧកញ៉ា សូ សុខសុឃីម, លោក ប្រាក់ សុចិត្រា និងលោកស្រី ហង្ស សារិន ព្រមទាំងបុត្ររួមទាំងសប្បុរជនជាច្រើនអង្គ និងនាក់ផងដែរ។

សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក ក៏បានមានព្រះរាជបន្ទូលផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងមានព្រះទ័យអាណិតអាសូរ ជាពិសេសការគោរពស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង់អាចក្លាហាន ហ៊ានពលិកម្មគ្រប់បែបយ៉ាង ដើម្បីបូរណភាពទឹកដីជាទីស្នេហានៃយើង និងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូប សូមឆាប់បានជាសះស្បើយឡើងវិញ។

សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក ក៏បានមានព្រះរាជបន្ទូលបន្តថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងសម្ដេចតេជោ ហ៊ុនសែន ជាប្រធានព្រឹទ្ធសភា និងជាប្រធានស្ថានិកសន្ដិភាព គឺប្រជាជនមានភាពកក់ក្ដៅ មិនតក់ស្លុត ទោះក្នុងស្ថានភាពដ៏លំបាកនេះក៏ដោយ ក៏ប្រជាជនមានភាពជឿជាក់លើរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ សម្តេចបានលើកឡើងថា បើទោះបីជាមានបទឈប់បាញ់ជាបន្ទាន់ជាលើកទី២ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងមកហើយក៏ដោយ ក៏នៅមានវីរយុទ្ធជនមួយចំនួន នៅបន្តសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។ ដូចនេះក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិ។

បន្ទាប់ពីបានជួបសំណេះសំណាលដោយផ្ទាល់នៅតាមបន្ទប់និងគ្រែនីមួយៗ, វីរយុទ្ធជន និងក្រុមគ្រួសារ មានក្តីរំភើបឥតឧបមា ដោយទទួលបានការថ្នាក់ថ្នមដោយភាពកក់ក្ដៅ ដែលនេះជាការផ្ដល់កម្លាំងចិត្ដមួយដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់វីរយុទ្ធជនទាំងអស់។

ក្នុងឱកាសដ៏រំភើបនេះដែរ វីរយុទ្ធជន និងក្រុមគ្រួសារ បានលើកដៃប្រណម្យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក និងគណៈសង្ឃនាយក រួមសប្បុរសជន បន្តនិមន្តយាងអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនាភូមិសាស្រ្តខេត្តឧត្តរមានជ័យ ដែលតែងតែគិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់ប្រជាជនគ្រប់រូប ពោលគឺទីណាដែលមានទុក្ខលំបាក ទីនោះគឺមានបេះដូង និងទឹកចិត្ដសង្គ្រោះរបស់សម្តេចព្រមទាំងសប្បុសជនជានិច្ច នាពេលនោះ វីរយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមប្រសិទ្ធពរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាប។

ជាមួយនឹងការចុះសួរសុខទុក្ខនេះដែរ សម្តេចក៏បាននាំយកអំណោយមនុស្សធម៌ រួមមាន៖ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនផ្តល់ជូនវីរយុទ្ធជនគ្រប់ៗរូបផងដែរ៕