មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឆែប ណែនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋានត្រូវបម្រើប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព
17-01-2026 15:23
(ព្រះវិហារ)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំកំពង់ស្រឡៅពីរ ត្រូវបានប្រកាសចាត់តាំង និងអគារស្នាក់ការថ្មី គណបក្សប្រជាជនឃុំកំពង់ស្រឡៅពីរ ធ្វើអំពីបេតុង ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាង់សង់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ ក្រោមវត្តមានលោក សំ លាងទ្រី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប និងលោក ឃិត សុធារ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកឆែប និងមន្ត្រីគណបក្សជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោក សំ លាងទ្រី បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងលោក គីម រិទ្ធី អនុប្រធានគណបក្សខេត្ត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅទីនេះ ក៏ដូចជានៅទូទាំងស្រុកឆែបផងដែរ។
លោក សំ លាងទ្រី ក៏បានថ្លែងជំរាបជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំកំពង់ស្រឡៅពីរ ចំពោះការបញ្ចុះបឋមសិលាសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំកំពង់ស្រឡៅពី នាពេលនេះ គឺកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោក ម៉ៅ សុផាន់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ។ អគារស្នាក់ការគណបក្សថ្មីនេះ គឺសាងសង់អំពីថ្មី ដោយបានបំពាក់សម្ភារៈផ្សេងៗ និងចំណាយថវិកាសរុបចំនួន១០០លានរៀល ជាមួយគ្នានេះ លោក ម៉ៅ សុផាន់ ក៏បានឧបត្ថម្ភថវិកាចំនួន៤០លានរៀលរួចហើយដែរ។
ពាក់ព័ន្ធការប្រកាសចាំងតាំងក្រុមការងារគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺត្រូវបានចាត់តាំលោក ហោ គឹមឡុង ជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំកំពង់ស្រឡៅពីរ។ លោក សំ លាងទ្រី បានណែនាំដល់ក្រុមការងារថ្មី ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព ស្របតាមទិសដៅ និងគោលការណ៍របស់គណបក្ស។
លោកក៏បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ក៏ដូចជាការចូលរួមពហិការ ឈប់ប្រើផលិតផលចោរសៀមឈ្លានពានទឹកដីយើងផងដែរ៕

























