ថ្នាក់ដឹកនាំខេត្តកំពង់ធំ អញ្ជើញបេីកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា (បាលីរង) ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ)

17-01-2026 15:42

(កំពង់ធំ)៖ លោក ហាន កុសល អភិបាលរងខេត្តកំពង់ធំ អញ្ជេីញជាអធិបតីក្នុងពិធីបេីកវិញ្ញាសាប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា (បាលីរង) ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវត្តឥន្ទ្រីយ៍សំវរៈ(ហៅវត្តកំពង់ធំ) ស្ថិតនៅភូមិក្តី​ សង្កាត់ព្រៃតាហ៊ូ​ ក្រុងស្ទឹងសែន​ ខេត្តកំពង់ធំ​ កម្មវិធីប្រឡងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ អាទិត្យ ១៤-១៥រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០២៦ មានរយៈពេល២ថ្ងៃ នៅមណ្ឌលខេត្តកំពង់ធំ បេក្ខសមណសិស្ស -សិស្ស បានដាក់ពាក្យប្រឡងទូទាំងខេត្តមានចំនួនសរុប២៥៦អង្គ/នាក់ ចែកចេញជា១១បន្ទប់។

កម្មវិធីនេះផងដែរ ក៏មានការនិមន្តអញ្ជើញចូលរួមពីព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ ជាព្រះចៅអធិការវត្តឥន្រ្ទីយ៍សំវរៈ (ហៅវត្តកំពង់ធំ) ព្រះប្រធានមណ្ឌលប្រឡងខេត្តកំពង់ធំ, លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងជាប្រធានមណ្ឌលប្រឡងខេត្តកំពង់ធំ លោកអនុប្រធានមន្ទីរធម្មការ និងសាសនា មន្ត្រីរាជការដែលជាអនុរក្ស និងព្រះសង្ឃ ជាច្រើនអង្គ/នាក់ផងដែរ។

លោក ហាន កុសល បានលើកទឹកចិត្តដល់បេក្ខសមណសិស្ស-សិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសារដែលបានដាក់ក្នុងការប្រឡង គោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស វិញ្ញាសារ និងលួចលាក់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចនោះឡើយ។

លោកបន្តថា បេក្ខសមណសិស្ស-សិស្ស ត្រូវតែតាំងស្មារតីឲ្យរឹងមាំ ហើយព្យាយាមសរសេរឲ្យបានគ្រប់មុខវិជ្ជា ទោះបីជាងាយស្រួល ឬលំបាកក៏ដោយ ប្រសិនបើមានបញ្ហាសុខភាព សូមរាយការណ៍មកលោកគ្រូ អ្នកគ្រូ ដែលជាអនុរក្សនៅតាមមណ្ឌលនីមួយៗ ដើម្បីជួយសង្គ្រោះឲ្យបានទាន់ពេលវេលា។

ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា មានសង្ឃដីកាថា បេក្ខសមណសិស្ស-សិស្សទាំងអស់ ដែលមកប្រឡងក្នុងរយៈពេល២ថ្ងៃនេះ សូមខិតខំបំពេញកិច្ចការងាររបស់ខ្លួនឲ្យបានល្អប្រសើរនៅមុខវិជ្ជា ដែលចែកជូនតាមម៉ោងនីមួយៗ។ ត្រូវតែអនុវត្តការប្រឡងនេះប្រកបដោយភាពយុត្តិធម៌ត្រឹមត្រូវ ដើម្បីសម្រេចគោលបំណង ដែលបានរៀបចំឲ្យមានលក្ខណៈល្អប្រសើរ និងមានការទទួលខុសត្រូវខ្ពស់៕