គណៈកម្មាធិការអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពផ្លូវចំនួន២គម្រោង នៅក្នុងឃុំល្វែងឬសី្ស ស្រុកជីក្រែង ខេត្តសៀមរាប

17-01-2026 15:46

(សៀមរាប)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណកម្មាធិការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានផ្លូវលំជនបទ និងតំណាងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារចំនួន ០២គម្រោង ដែលអនុវត្តដោយអង្គភាពវិស្វកម្ម សម្តេចពោធិសាល ជា ស៊ីម ចំណុះនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

ក្នុងឱកាសនោះ លោក ឈឹម សៅគី បានលើកលើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលការណ៍ «ពង្រឹង ៧០% និងពង្រីក ៣០%» ក្នុងគោលដៅពិនិត្យឡើងវិញ និងកែលម្អនូវសមត្ថភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការអភិវឌ្ឍប្រទេសជាតិ។

លោកបានបន្តថា ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះទាំង៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ «កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០»។

លោកបន្តថា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជា ឲ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌»

ក្នុងនោះមានគោលដៅចម្បងចំនួន៥ រួមមាន៖ (១) ប្រជាជនមានជីវភាពរស់នៅសមរម្យ (២) ប្រជាជនមានសុខភាពមាំមួន(៣)ប្រជាជនរស់នៅក្នុងភាពថ្លៃថ្នូរ (៤) គ្រប់ភូមិឋានទាំងអស់នៅតំបន់ជនបទ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រកបដោយភាពធន់ និង (៥)គ្រប់ភូមិឋានទាំងអស់នៅជនបទមានអភិបាលកិច្ចល្អ។

ព្រមទាំងបានកំណត់យុទ្ធសាស្រ្តគន្លឺះចំនួន ៥គឺ៖ (១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, (២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ, (៣) ការអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, (៤) ពិពិធកម្មសេដ្ឋកិច្ចជនបទនិងនវានុវត្តន៍ការងារ និងទី(៥) ការពង្រឹងស្ថាប័ន។

លោក ឈឹម សៅគី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូននៅទីនោះផងដែរ។

លោកឧត្តមសេនីយ៍ឯក បណ្ឌិត ធន វិមានច័ន្ទ បានឲ្យដឹងថា គម្រោងការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសនេះ មាន០២គម្រោង៖ គម្រោងទី(១) ការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន ១ខ្សែ ប្រវែង ៥ ៥២០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ទទឹងដីស ៨ម៉ែត្រ សាងសង់លូមូលមុខពីរ ចំនួន៦កន្លែង លូមូលមុខមួយចំនួន ៣កន្លែង និងផ្លាកឈ្មោះផ្លូវ ចំនួន២កន្លែង ស្ថិតនៅភូមិកកោះ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប ទៅភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។

គម្រោងទី(២) ការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន ១ខ្សែ ប្រវែង ៤ ៥០០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ទទឹងដីស ៨ម៉ែត្រ សាងសង់លូប្រអប់មុខពីរ ចំនួន២កន្លែង លូមូលមុខបីចំនួន ១កន្លែង លូមុខពីរ ចំនួន ១កន្លែង លូមូលមុខមួយ ចំនួន ៣កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន២កន្លែង ស្ថិតនៅភូមិល្វែងឫស្សីនិងភូមិកកោះ ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប (បញ្ចប់សុពលភាព)។

ជាមួយនៅដែរ លោក ឈឹម សៅគី ក៏បានសំណូមពរសូមឲ្យអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវទាំងនេះឲ្យបានដិតដល់ ដើម្បីធានាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ជាពិសេសត្រូវចូលរួមទបស្កាត់ការដឹកលើសទំងន់ផងដែរ៕