រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា សម្រាប់ជួយផ្គត់ផ្គង់ដល់ជនភៀសសឹក

17-01-2026 15:48

(សៀមរាប)៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ចពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនានាក្នុងខេត្តសៀមរាប សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បាននាំយកអំណោយមនុស្សធម៌ ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដែលទទួលដោយលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បាននាំយកនូវការផ្ដាំផ្ញើរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានបញ្ជាក់ថា ចំពោះអំណោយទាំងនេះ ត្រូវធ្វើការផ្គត់ផ្គង់ដល់គ្រួសារភៀសសឹក ដែលបានកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តសៀមរាប សំខាន់ចំពោះគ្រួសារវីរៈកងទ័ព ស្ត្រីមានផ្ទៃពោះ និងទើបសម្រាលកូនរួច គឺត្រូវយកចិត្តទុកដាក់ពីសុខភាព ជីវភាពក្នុងការរស់នៅរបស់ពួកគាត់។

លោក ប្រាក់ សោភ័ណ បានឲ្យដឹងថា ចាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក បងប្អូនភៀសសឹកមួយចំនួនបានវិលទៅកាន់ភូមិដ្ឋានខ្លួនវិញ ហើយមួយចំនួនបានកំពុងស្នាក់នៅបន្តតាមមណ្ឌល ដោយភូមិដ្ឋានរបស់បងប្អូនស្ថិតនៅក្នុងតំបន់ងាយរងគ្រោះ ហើយនៅតាមភូមិដ្ឋានរបស់បងប្អូន បានបន្សល់នូវយុទ្ធភណ្ឌមិនទាន់ផ្ទុះ ពិសេសគ្រាប់បែកចង្កោម ដែលពួកខ្លាំងឈ្លានពានបានបាញ់ចូលមក។

លោកបានបន្តថា បើគិតមកត្រឹមថ្ងៃទី១៦ ខែមករានេះ ប្រជាពលរដ្ឋភៀសសឹកមានចំនួន ១១,១៤៩គ្រួសារ ស្មើ ៣៤,៩៥៧នាក់ ដោយក្នុងនោះស្នាក់នៅតាមផ្ទះបងប្អូនមាន ៥,៥០០គ្រួសារ ស្មើ ១៧,២០០នាក់ និងនៅតាមមណ្ឌលសុវត្ថិភាពមាន ៥,៦៤៩គ្រួសារ ស្មើ ១៧,៧៥៧នាក់ ស្នាក់នៅលើទីតាំងចំនួន៧០។ រាល់អំណោយដែលរដ្ឋបាលខេត្តទទួលបានពីបងប្អូនសប្បុរសជន ត្រូវបានបែងចែកសម្រាប់ផ្គត់ផ្គង់សមរភូមិមុខ និងបងប្អូនភៀសសឹកជាបន្តបន្ទាប់ សំខាន់គ្រួសារកងទ័ពដែលកំពុងឈរជើងនៅជួរមុខទៀតផង។

សូមជម្រាបថា អំណោយដែលបានប្រគល់ជូននាពេលនេះដែរ រួមមាន អង្ករ២តោន, ស្បៀងអាហារ និងសម្ភារប្រើប្រាស់៧៩៥ឈុត, ទឹកបរិសុទ្ធ ៣,០០០កេស, ភេសជ្ជៈ ៣,០០០កេស, ភួយ ៣,០០០ភួយ និងមុងអង្រុត ៥០០ផងដែរ៕