ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ប្រគល់ម៉ូតូម៉ាក HONDA WAVE មួយគ្រឿង ជូនវីរៈកងទ័ពទុកប្រើជាប្រយោជន៍ និងសម្រួលដល់អង្គភាព

17-01-2026 15:57

(ភ្នំពេញ)៖ ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះរាជាគណៈថ្នាក់ត្រី ព្រះគ្រូវិជ័យមេធា ព្រះអនុគណខណ្ឌមានជ័យ និងជាព្រះគ្រូចៅអធិការវត្តនន្ទមុនី ក្នុងខណ្ឌមានជ័យ បានប្រគល់ជូននូវម៉ូតូម៉ាក HONDA WAVE មួយគ្រឿងជូនវីរៈកងទ័ពរបស់យើង ទុកប្រើជាប្រយោជន៍ និងសម្រួលដល់អង្គភាពរបស់គាត់។

ការប្រគល់នេះ ដោយមានទឹកព្រះទ័យអាណិតអាសូរដល់វីរៈកងទ័ព លោកអនុសេនីយ៍ត្រី ស៊ុយ ស្រ៊ុន បានត្រូវរបួសបាក់ដងកាំបិតច្រើនកន្លែង និងត្រូវផ្សែងពុល កំឡុងពេលច្បាំងជាមួយសត្រូវ។

ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន មានសង្ឃដីកាថា «ក្នុងនាមយើងជាជនរួមជាតិសាសន៍ និងឈាមខ្មែរតែមួយ យើងទាំងអស់គ្នា សូមកោតសរសើរនូវគម្រូវីរៈភាព ដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពគ្រប់សមរភូមិ ចំពោះការបូជាសាច់ស្រស់ ឈាមស្រស់ រហូតដល់ជីវិត ដើម្បីការពារជាតិ ការពារទឹកដី ការពារប្រជាជាតិខ្មែរ ជារនាំងការពារ នូវបូរណភាណទឹកដី និងអធិបតេយ្យភាពជាតិខ្មែរ»

ព្រះអង្គចៅអធិការវត្ត បានចូលរួមបរិច្ចាគអំណោយជាច្រើនដល់កងកម្លាំងយើងនៅជួរមុខ និងបងប្អូនភៀសសឹកជាច្រើននាក់ ដែលស្នាក់នៅកន្លែងមានសុវត្ថិភាព។ នេះជាការគិតគូ និងការអាណិតអាសូរយ៉ាងខ្លាំង របស់ព្រះអង្គចំពោះកងកម្លាំង និងពលរដ្ឋរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីសំណាក់ទាហានថៃ៕