ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឈ្នះពានរង្វាន់មាសនៃពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៦
17-01-2026 16:21
(ភ្នំពេញ)៖ ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា - Digital Social Protection Platform (DSPP) ដែលបានអភិវឌ្ឍដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានចូលរួមប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៦ (ASEAN Digital Awards 2026) ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៦ (The 6th ASEAN Digital Ministers’ Meeting) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៦ ខែមករា ឆ្នាំ២០២៦ នៅរដ្ឋធានី ហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម និងទទួលបានជ័យលាភីពានរង្វាន់មាស ជូនព្រះរាជាណាចក្រកម្ពុជា ដែលបណ្តារដ្ឋមន្រ្តីឌីជីថលអាស៊ានបានសម្រេច និងទទួលស្គាល់ថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាដំណោះស្រាយឌីជីថលសម្រាប់វិស័យសាធារណៈ (Public Sector Category) ដែលមានឧត្តមភាព និងនវានុវត្តន៍លេចធ្លោជាងគេ នៅក្នុងតំបន់អាស៊ាន។
ពានរង្វាន់ឌីជីថលអាស៊ាននេះ ជាកម្មវិធីប្រកួតប្រជែងកម្រិតខ្ពស់បំផុត ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ កិត្យានុភាព នៃដំណោះស្រាយឌីជីថលនិងការត្រៀមលក្ខណៈសម្រាប់និន្នាការបច្ចេកវិទ្យាថ្មីៗ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅតាមបណ្តាប្រទេសជាសមាជិក ក៏ដូចនៅក្នុងតំបន់ទាំងមូល។
ក្នុងឆ្នាំ២០២៦នេះ ប្រទេសចំនួន១១ បានចូលរួមប្រកួតប្រជែងលើប្រភេទពានរង្វាន់សំខាន់ៗចំនួន ៦រួមមាន(១) ដំណោះស្រាយឌីជីថលសម្រាប់វិស័យសាធារណៈ, (២) ដំណោះស្រាយឌីជីថលសម្រាប់វិស័យឯកជន, (៣) ដំណោះស្រាយឌីជីថលសម្រាប់បរិយាបន្ន, (៤) មាតិកាឌីជីថល, (៥) ធុរកិច្ចថ្មីឌីជីថល,និង (៦) នវានុវត្តន៍ឌីជីថល។ បណ្តាប្រទេសអាស៊ាននីមួយៗ បានដាក់ប្រកួតប្រជែងនូវស្នាដៃឌីជីថលដែលល្អបំផុតរបស់ខ្លួន ដែលប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីជំរុញ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវា, ដោះស្រាយបញ្ហាប្រឈមសំខាន់ៗ, ជាពិសេស ជំរុញសន្ទុះនៃការធ្វើបរិវត្តកម្មឌីជីថល ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់និងមានការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងចំណោមស្នាដៃទាំងអស់ដែលបានចូលរួមប្រកួតប្រជែង ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បានឆ្លងកាត់វគ្គជម្រុះជាច្រើនដំណាក់កាល និងបានឈានដល់វគ្គប្រកួតផ្តាច់ព្រ័ត្រ ៣ក្រុមចុងក្រោយ ជាមួយប្រទេសវៀតណាម និងប្រទេសសិង្ហបុរី ដោយត្រូវប្រកួតយកជ័យលាភី ចំពោះមុខគណៈកម្មការវាយតម្លៃពានរង្វាន់ឌីជីថលអាស៊ានទាំង ១១ប្រទេស និងមានការចូលរួមពីសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី សហភាពអឺរ៉ុប និងសហភាពទូរគមនាគមន៍អន្តរជាតិ។
ឆ្លងកាត់ការសម្រិតសម្រាំង និងការវាយតម្លៃរបស់គណៈកម្មការ, បណ្តារដ្ឋមន្ត្រីឌីជីថលអាស៊ាន បានអនុម័តជាផ្លូវការក្នុងការផ្តល់ជ័យលាភី «ពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦» ជូន «ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា» ជាដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈ ដែលមានឧត្តមភាព និងនវានុវត្តន៍លេចធ្លោដាច់គេ នៅក្នុងតំបន់អាស៊ាន ដែលឆ្លុះបញ្ចាំងពីគុណភាព និងស្តង់ដាបច្ចេកវិទ្យាក៏ដូចជាកិត្យានុភាពផ្នែកបច្ចេកវិទ្យារបស់កម្ពុជា។
ក្រោមការដឹកនាំ ប្រកបដោយភាពស្វាហាប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញ ប្រកបដោយភាពប្រាកដនិយមរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា បាននិងកំពុងដើរតួនាទីជាមូលដ្ឋានគ្រឹះឌីជីថលស្នូលដ៏មានសារៈសំខាន់សម្រាប់គាំទ្រការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ពិសេសបានធ្វើសុខដុមនីយកម្មលើការចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម លើថ្នាលឌីជីថលរួម។
កត្តាគន្លឹះដែលនាំឱ្យដែលធ្វើឱ្យថ្នាលឌីជីថលនេះ ទទួលបានជ័យលាភី ពានរង្វាន់មាស គឺស្ថិតនៅលើការរៀបចំនិម្មាបនកម្មដែលផ្តោតលើប្រជាពលរដ្ឋជាគោល (Citizen-Centric Design), ការធ្វើអន្តរ-ប្រតិបត្តិការបែបមជ្ឈការផង និងវិមជ្ឈការផង (Hybrid Federated Interoperability) និងសមត្ថភាពក្នុងការឆ្លើយតបបាន ទៅនឹងតម្រូវការរបស់ពលរដ្ឋបានទាន់ពេល និងប្រកបដោយតម្លាភាព។
ជ័យលាភីពានរង្វាន់មាសនេះ ជាសក្ខីភាពដ៏មានតម្លៃវិសេសវិសាល ដែលបង្ហាញថា កម្ពុជា បាននិងកំពុងក្លាយជាប្រទេសឈានមុខមួយក្នុងតំបន់ លើការកសាងរដ្ឋាភិបាល និងសង្គមឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហា និងលើកកម្ពស់ការអភិវឌ្ឍសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ការទទួលបាន ជ័យលាភីពានរង្វាន់មាស នៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសេវាសាធារណៈតាមរយៈការធ្វើនវានុវត្តន៍ឌីជីថល ក្នុងគោលដៅពង្រឹងគុណភាពនៃការផ្តល់សេវា និងបង្កើនតម្លាភាពក្នុងសង្គម និងជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស, គាំពារប្រជាជន, និងលើកកម្ពស់ផលប្រយោជន៍សាធារណៈយ៉ាងពិតប្រាកដ៕









