រដ្ឋមន្រ្តី ជា វ៉ាន់ដេត ស្នើដល់អាជ្ញាធរខេត្ដតាកែវ ពង្រឹងគុណភាព និងអនាម័យម្ហូបអាហារ ជូនភ្ញៀវទេសចរ ដែលមកទស្សនាស្រុកអង្គរបូរី អតីតរាជធានីខ្មែរសម័យហ្វូណន
17-01-2026 16:28
(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងលោក NAGASE Kensuke (ណាហ្គាសិ កេនស៊ូកិ) អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារពហុបំណង និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ» ដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ នៅសាលាស្រុកអង្គរបូរី ខេត្តតាកែវ។
ពិធីនេះ ដោយមានការនិមន្ត/ចូលរួមពី ព្រះសង្ឃ លោកអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា លោក លោកស្រី ប្រធានក្រុមការងារក្រុង ស្រុក ភាគីពាក់ព័ន្ធ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១៤៥០ អង្គ/នាក់។
ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយបានកំណត់អាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលពិតជាឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយរដ្ឋាភិបាលបាននិងកំពុងអនុវត្ត ព្រមទាំងទទួលបានលទ្ធផលគួរជាទីមោទនៈ។ ចំពោះការឈ្លានពានពីសំណាក់កងទ័ពថៃ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោធិបតី និងរួបរួមគ្នាសាមគ្គីជាធ្លុងមួយ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក៏ដូចជាប្រជាកសិករ ឱ្យខិតខំធ្វើយ៉ាងបង្កើនប្រសិទ្ធភាពនិងបរិមាណដាំដុះ បន្លែ ផ្លែឈើ និងចិញ្ចឹមសត្វ ជាពិសេសចិញ្ចឹមបង្កងដោយមានការជួយជ្រោមជ្រែងពីគម្រោងតេជោភូមិ១០០ វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់។
បន្ថែមលើនេះ លោករដ្ឋមន្រ្តី បន្តថា ដើម្បីប្រមូលផលបានទៀងទាត់ប្រជាកសិករ និងអាជ្ញាធរមូលដ្ឋានត្រូវចងក្រងប្រមូលផ្តុំជាសហគមន៍ ដើម្បីជួយគាំទ្រគ្នាទៅវិញទៅមកទាំងបច្ចេកទេស ស្មារតី និងការស្វែងរកទីផ្សារ។
មុននឹងបញ្ចប់ លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អាជ្ញាធរគ្រប់លំដាប់ត្រូវខិតខំ រៀបចំកែលម្អសោភ័ណភាពស្រុក ដាំដើមឈើ ពង្រឹងគុណភាពនិងអនាម័យម្ហូបអាហារ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរណ៍ ដែលមកទស្សនាស្រុកអង្គរបូរី អតីតរាជធានីខ្មែរសម័យហ្វូណន៕














