នៅចំពោះមុខនៃសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើអធិបតេយ្យកម្ពុជា ថ្នាក់ដឹកនាំ និងពលរដ្ឋបានរួមសាមគ្គីគ្នាជាធ្លុងមួយ (Video inside)

17-01-2026 16:48

(ភ្នំពេញ)៖ នៅចំពោះមុខនៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា ថ្នាក់ដឹកនាំកម្ពុជា ក្រសួង ស្ថាប័នដែលជាសេនាធិការទាំងអស់ រួមនឹងបងប្អូនប្រជាពលរដ្ឋបានរួបរួមសាមគ្គីគ្នាជាធ្លុងមួយ បានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការដោះស្រាយការលំបាកជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីអំពើឈ្លានពាននេះ។

កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន ទប់ស្កាត់ការបំផ្លិចបំផ្លាញនិងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះស្រាយប្រកបដោយយុត្តិធម៌ និងចីរកាល។ ទន្ទឹមនោះកម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។

ពាក់ព័ន្ធនឹងបូរណភាពទឹកដី សម្តេចធិបតីបានបញ្ជាក់ច្បាស់ថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃនៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និងអនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ ដោយអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងយន្តការទ្វេភាគីទាំងឡាយដែលមានជាធរមាន៕