មូលនិធិចិនសប្បុរសធម៌ Sany បន្តបង្កើនការរួមចំណែកដល់ការងារអភិវឌ្ឍនៅជនបទកម្ពុជា

17-01-2026 16:59

(សៀមរាប)៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្រុមការងាររបស់មូលនិធិចិនសប្បុរសធម៌ Sany ចុះពិនិត្យសកម្មភាពប្រើប្រាស់អេស្កាវាទ័រមួយគ្រឿង ដែលជាអំណោយរបស់ខ្លួនជូនដល់ CMAC កាលពីខែមិថុនា ឆ្នាំ២០២៤ តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិន ក្នុងការចូលរួមចំណែកជាមួយមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លើការងារសហប្រតិបត្តិការមនុស្សធម៌ និងរួមចំណែកដល់ការអភិវឌ្ឍជនបទកម្ពុជា។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងថា ចាប់ពីឆ្នាំ២០២៣មក សមាគមបានដើរតួនាទីជាស្ពានក្នុងការលើកទឹកចិត្តដល់សង្គមស៊ីវិលចិន ដោយមានមូលនិធិចិនសប្បុរសធម៌ Sany និងមូលនិធិចិន Peaceland បានរួមគ្នាបង្កើនសកម្មភាពជាមួយ CMAC ក្នុងគោលបំណងបង្កើនកិច្ចសហការ លើការពង្រឹង សមត្ថភាពបច្ចេកទេសរបស់CMACក្នុងការកម្ចាត់មីន និង ជួយបង្កើនល្បឿននៃការបើកដីសុវត្ថិភាពសម្រាប់កសិកម្ម សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍជីវភាពប្រជាពលរដ្ឋនៅតំបន់ជនបទ។

ក្នុងជំនួបដោយផ្ទាល់ជាមួយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក CMAC ចំនួន៣លើក គឺលើកទី១នៅខែឧសភា ឆ្នាំ២០២៤ លើកទី២នៅខែវិច្ឆិកា ឆ្នាំ២០២៤ និងលើកទី៣នៅខែមិថុនា ឆ្នាំ២០២៥ លោកស្រី Song Ximei ប្រធាននាយកដ្ឋានសង្គ្រោះ គ្រោះមហន្តរាយនៃមូលនិធិចិនសប្បុរសធម៌Sany បានរំលេចថា មូលនិធិចិនសប្បុរសធម៌ Sany បានផ្តល់អំណោយអេស្កាវាទ័រមួយគ្រឿងជូនដល់ CMAC តាមរយៈកិច្ចសម្របសម្រួលពី សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ហើយដែលអំណោយនេះបានបង្ហាញពីការរួមចំណែករបស់ មូលនធិចិនសប្បុរសធម៌ Sany ចំពោះការទទួលខុសត្រូវរួមជាមួយសហគមន៍អន្តរជាតិ និងរួមចំណែកនៅក្នុងការងារមនុស្សធម៌ផងដែរ។

នៅក្នុងពេលចុះពិនិត្យសកម្មភាពរបស់ក្រុមការងារ CMAC ប្រចាំអង្គភាពទី៤ នៅក្នុងខេត្តសៀមរាបកំពុងប្រើប្រាស់អេស្កាវាទ័រនេះ លោកស្រីបានបង្ហាញនូវចេតនាចំពោះទិសដៅអនាគតរបស់មូលនិធិចិនសប្បុរសធម៌ Sany ក្នុងការបន្តសកម្មភាពមនុស្សធម៌ជាមួយ CMAC ដោយផ្តោតលើការរួមចំណែកក្នុងការងារស្តារ និងអភិវឌ្ឍជនបទ ព្រមទាំងការធ្វើទំនើបកម្មវិស័យកសិកម្មនៅតំបន់ជនបទ។

គួរបញ្ជាក់ផងដែរថា នៅក្នុងជំនួបនាពេលថ្មីៗជាមួយថ្នាក់ដឹកនាំ CMAC សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានទទួលនូវការលើកទឹកចិត្តបន្ថែមដល់ ការចូលរួមចំណែករបស់សមាគម ក្នុងកិច្ចសហការជាមួយបណ្តាសហគ្រាស ក្រុមហ៊ុន និងសង្គមស៊ីវិលរបស់ប្រទេសចិនក្នុងការរួមចំណែកផ្គត់ផ្គង់ឧបករណ៍ និងបច្ចេកវិទ្យាសមស្រប ការបណ្តុះបណ្តាលបច្ចេកទេស និងការគាំទ្រគម្រោងអភិវឌ្ឍន៍ជាក់ស្តែងក្រោមកិច្ចសម្របសម្រួលពី CMACដើម្បីជួយដល់អង្គពាក់ព័ន្ធនានា ក្នុងកិច្ចបង្កើនផលិតភាពកសិកម្ម បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជនបទឲ្យកាន់តែប្រសើរ៕

វិទ្យុមិត្តភាពកម្ពុជាចិន