ICJ និង ICC៖ ការបែងចែកដែនសមត្ថកិច្ច និងការទទួលខុសត្រូវក្នុងច្បាប់អន្តរជាតិ

17-01-2026 17:04

(ភ្នំពេញ)៖ នៅក្នុងបរិបទនៃការវិវត្តន៍ស្ថានការណ៍អន្តរជាតិ និងតំបន់ថ្មីៗនេះ មានការលើកឡើងជាច្រើនអំពីតុលាការអន្តរជាតិ។ ដើម្បីជាមូលដ្ឋាននៃការពិចារណាប្រកបដោយវិចារណញ្ញាណ និងចំណេះដឹងច្បាប់ លោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង នៃតុលាការកំពូល បានធ្វើការបកស្រាយលម្អិតអំពីស្ថាប័នកំពូលទាំងពីរនេះដូចតទៅ៖

១. តុលាការយុត្តិធម៌អន្តរជាតិ (ICJ)
- និយមន័យ៖ ជាស្ថាប័នតុលាការចម្បងរបស់អង្គការសហប្រជាជាតិ (UN) ដែលមានតួនាទីដោះស្រាយវិវាទផ្លូវច្បាប់រវាង «រដ្ឋ និង រដ្ឋ»។
- ការទទួលខុសត្រូវ (Responsibility)៖ ពិនិត្យលើ «ការទទួលខុសត្រូវរបស់រដ្ឋ» (State Responsibility)។ តុលាការនេះសម្រេចថា តើរដ្ឋមួយបានរំលោភច្បាប់អន្តរជាតិ ឬបំពានអធិបតេយ្យភាពរបស់រដ្ឋមួយទៀតដែរឬទេ?
- គោលបំណង៖ ដើម្បីសន្តិភាព និងកែតម្រូវកំហុស (មិនមែនចាប់មនុស្សដាក់គុកទេ)។
- ឧទាហរណ៍ជាក់ស្តែង៖
+ អតីតកាល (កម្ពុជា)៖ សំណុំរឿងប្រាសាទព្រះវិហារ (១៩៦២)។ កម្ពុជាបានប្តឹងថៃ ទៅ ICJ ដើម្បីទាមទារអធិបតេយ្យភាព។ តុលាការសម្រេចថា ប្រាសាទស្ថិតក្នុងទឹកដីកម្ពុជា និងតម្រូវឱ្យថៃដកកងទ័ព។ នេះជាវិវាទដីធ្លីសុទ្ធសាធ។
+ បច្ចុប្បន្ន (អន្តរជាតិ)៖ សំណុំរឿង អាហ្វ្រិកខាងត្បូង ប្តឹង អ៊ីស្រាអែល (២០២៤)។ អាហ្វ្រិកខាងត្បូងចោទថា រដ្ឋអ៊ីស្រាអែលបានរំលោភអនុសញ្ញាស្ដីពីអំពើប្រល័យពូជសាសន៍នៅហ្គាហ្សា។

២. តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)
- និយមន័យ៖ ជាតុលាការអចិន្ត្រៃយ៍ឯករាជ្យ ដែលមានតួនាទីកាត់ទោស «រូបវន្តបុគ្គល» (មេដឹកនាំ, មេបញ្ជាការ, អ្នកកាន់អាវុធ) ដែលប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុត។
- ការទទួលខុសត្រូវ (Responsibility)៖ ពិនិត្យលើ «ការទទួលខុសត្រូវព្រហ្មទណ្ឌបុគ្គល» (Individual Criminal Responsibility)។ អ្នកបញ្ជា និងអ្នកអនុវត្ត ត្រូវទទួលទោសជាប់ពន្ធនាគារ។

- បទល្មើសស្នូលទាំង ៤ របស់ ICC៖
១. អំពើប្រល័យពូជសាសន៍ (សម្លាប់រង្គាលជាតិសាសន៍ណាមួយ)
២. ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ (ធ្វើទារុណកម្ម, ចាប់ឃុំឃាំង, សម្លាប់រង្គាលប្រជាជនស៊ីវិលជាប្រព័ន្ធ)
៣. ឧក្រិដ្ឋកម្មនៃការឈ្លានពាន (ការប្រើកម្លាំងយោធាឈ្លានពានប្រទេសគេដោយខុសច្បាប់)
៤. ឧក្រិដ្ឋកម្មសង្គ្រាម (War Crimes) (ការបំពានច្បាប់សង្គ្រាម)
- ឧទាហរណ៍ជាក់ស្តែង៖
+ ថ្មីៗបំផុត (២០២៤)៖ ICC បានចេញដីកាចាប់ខ្លួន លោក Vladimir Putin (ប្រធានាធិបតីរុស្ស៊ី) ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន។
+ ករណីមេដឹកនាំអ៊ីស្រាអែល និងហាម៉ាស៖ ការស្នើសុំដីកាចាប់ខ្លួនមេដឹកនាំទាំងសងខាង ពាក់ព័ន្ធនឹងការសម្លាប់ជនស៊ីវិល។

ការវិភាគលើករណីជាក់ស្តែង៖ ទ័ពអាកាស និង វត្តអារាម
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប៉ះទង្គិចថ្មីៗ តើយើងអាចមើលឃើញពីធាតុផ្សំនៃបទល្មើសអ្វីខ្លះ ក្រោមក្រសែភ្នែក ICC?

១. ការវាយប្រហារលើទីតាំងស៊ីវិល និងសម្បត្តិវប្បធម៌ (War Crimes):
យោងតាមលក្ខន្តិកៈទីក្រុងរ៉ូម ការវាយប្រហារដោយចេតនាទៅលើ៖
- វត្តអារាម, ប្រាសាទ, សាលារៀន, មន្ទីរពេទ្យ
- ភូមិឋានប្រជាពលរដ្ឋ
គឺជា ឧក្រិដ្ឋកម្មសង្គ្រាម។ វត្តអារាម និងប្រាសាទ គឺជាសម្បត្តិបេតិកភណ្ឌដែលត្រូវបានការពារពិសេស។ អ្នកដែលបញ្ជាឱ្យបាញ់ និងអ្នកដែលបាញ់ មិនអាចយកលេសថា "ការពារជាតិ" ដើម្បីរួចខ្លួនពីបទឧក្រិដ្ឋនេះបានឡើយ។

២. គោលការណ៍សមាមាត្រ និងការប្រើប្រាស់ទ័ពអាកាស (Disproportionate Use of Force):
ក្នុងច្បាប់សង្គ្រាម ការប្រើប្រាស់កម្លាំងត្រូវតែមាន «សមាមាត្រ»។
- ប្រសិនបើភាគីម្ខាង (កម្ពុជា) មិនបានប្រើប្រាស់កម្លាំងទ័ពអាកាស ឬអាវុធធុនធ្ងន់រំលោភបំពានទេ...
- ប៉ុន្តែភាគីម្ខាងទៀត បែរជាប្រើប្រាស់ យន្តហោះចម្បាំង (Air Strikes) និងអាវុធប្រល័យលោកមកវាយប្រហារ...
នោះគឺជាសកម្មភាព «ហួសហេតុ» និងជាការបង្ហាញពីចេតនាប្រព្រឹត្ត ឧក្រិដ្ឋកម្មនៃការឈ្លានពាន និង ឧក្រិដ្ឋកម្មសង្គ្រាម យ៉ាងច្បាស់ក្រឡែត។

សរុបសេចក្តីមក៖

វិវាទព្រំដែន អាចដោះស្រាយនៅ ICJ។ ប៉ុន្តែការសម្លាប់រង្គាល ការបាញ់កម្ទេចវត្តអារាម ប្រាសាទ និងការប្រើប្រាស់កម្លាំងទ័ពអាកាសលើអ្នកដែលគ្មានលទ្ធភាពការពារខ្លួនស្មើភាព គឺជាអំពើរបស់ឧក្រិដ្ឋជន ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ ICC។

យុត្តិធម៌អន្តរជាតិ មិនមែននៅឆ្ងាយទេសម្រាប់អ្នកដែលបំពានច្បាប់មនុស្សធម៌៕